ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំងប្រាំពីរ ឬហៅថា G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ (២៨ មិថុនា) ថា សហរដ្ឋអាមេរិក និងក្រុមប្រទេសទាំងប្រាំពីរ G7 បានយល់ព្រមគាំទ្រសំណើមួយ ដែលនឹងលើកលែងក្រុមហ៊ុនអាមេរិក និងអង់គ្លេស ពីចំណុចមួយចំនួននៃកិច្ចព្រមព្រៀងពន្ធសកលដែលមានស្រាប់។
សេចក្តីថ្លែងការណ៍មួយពីកាណាដា ដែលជាប្រធានប្ដូរវេន G7 បាននិយាយថា ក្រុមនេះបានបង្កើត “ប្រព័ន្ធជាជំហាន” មួយដើម្បីឆ្លើយតបទៅនឹងរដ្ឋបាលសហរដ្ឋអាមេរិក ដែលយល់ព្រមលុបចោលសំណើពន្ធសងសឹកជំពូកទី៨៩៩ ចេញពីសំណើពន្ធថ្មី និងការចំណាយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

G7 និយាយថា ផែនការនេះទទួលស្គាល់ច្បាប់ពន្ធអប្បបរមាមានស្រាប់របស់អាមេរិក ហើយមានបំណងនាំមកនូវស្ថេរភាពបន្ថែមទៀតដល់ប្រព័ន្ធពន្ធអន្តរជាតិ។ អាជីវកម្មរបស់ចក្រភពអង់គ្លេស ក៏ត្រូវបានលើកលែងពន្ធខ្ពស់ៗផងដែរ បន្ទាប់ពីការដកចេញជំពូកទី៨៩៩ នោះចេញពីសំណើពន្ធ និងការចំណាយរបស់លោក Trump។
ចក្រភពអង់គ្លេសនិយាយថា អាជីវកម្មនឹងទទួលបានអត្ថប្រយោជន៍ពីភាពប្រាកដប្រជា និងស្ថិរភាពកាន់តែខ្លាំងឡើង បន្ទាប់ពីកិច្ចព្រមព្រៀងនេះ។ ក្រុមមន្ត្រី G7 និយាយថា ពួកគេទន្ទឹងរង់ចាំការពិភាក្សាអំពីដំណោះស្រាយដែល "អាចទទួលយកបាន និងអាចអនុវត្តបានសម្រាប់ទាំងអស់គ្នា"៕

