ហ្វូងបាតុកររាប់ម៉ឺននាក់ បានដើរដង្ហែរតាមដងផ្លូវឆ្លងកាត់រដ្ឋធានីប្រទេសហុងគ្រី កាលពីថ្ងៃសៅរ៍ (២៨ មិថុនា) ខណៈការប្រមូលផ្តុំគ្នាគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+ ដែលត្រូវបានហាមឃាត់ បានប្រែក្លាយទៅជាមហាបាតុកម្មប្រឆាំងរដ្ឋាភិបាលហុងគ្រី នៅក្នុងការបង្ហាញដ៏ធំបំផុតមួយនៃការប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី Viktor Orban។
ហ្វូងមនុស្សបានសម្រុកចូលពាសពេញទីលានមួយនៅជិតសាលាក្រុងប៊ុយដាប៉ែស ក្រោមកម្ដៅដ៏ក្តៅគគុក មុនពេលធ្វើដំណើរឆ្លងកាត់ស្ពានសំខាន់មួយនៅលើទន្លេ Danube ដោយគ្រវីទង់ពណ៌ឥន្ទធនូ អ្នកខ្លះពាក់មួក និងខ្លះទៀតកាន់ស្លាកសញ្ញាសរសេរចំអកឱ្យលោក Orban។

អ្នកដើរដង្ហែក្បួនម្នាក់បាននិយាយថា "នេះមិនមែនគ្រាន់តែនិយាយពីការស្រឡាញ់ភេទដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាពេលវេលាចុងក្រោយហើយដើម្បីក្រោកឈរឡើងគាំទ្រសិទ្ធិរបស់អ្នកគ្រប់គ្នា"។ បដាតវ៉ាមួយសរសេរថា "ពុំមាននរណាម្នាក់មានសេរីភាពទេ រហូតដល់មនុស្សគ្រប់គ្នាមានសេរីភាព"។
រដ្ឋាភិបាលរបស់លោក Orban បានកាត់បន្ថយបន្តិចម្តងៗនូវសិទ្ធិរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+ ក្នុងទសវត្សរ៍កន្លងមក ហើយសមាជិកសភាបានអនុម័តច្បាប់មួយកាលពីខែមីនា ដែលហាមឃាត់ការហែក្បួនបែបនេះ ដោយលើកឡើងពីតម្រូវការដើម្បីការពារកុមារ៕

