ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយថា ពាណិជ្ជកម្មរថយន្តរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក «មិនយុត្តិធម៌ទេ» ដែលបង្ហាញជាថ្មីម្តងទៀតថា លោកនឹងមិនងាយសម្របសម្រួលលើការដំឡើងពន្ធបន្ថែមរបស់សហរដ្ឋអាមេរិកលើការនាំចូលយានយន្តនោះទេ។

លោក Trump បានថ្លែងដូច្នេះនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។ ការយកពន្ធ២៥ភាគរយលើការនាំចូលរថយន្តទៅកាន់សហរដ្ឋអាមេរិក គឺជាចំណុចសំខាន់នៃវិវាទក្នុងការចរចាការដំឡើងពន្ធទ្វេភាគី។ លោកបាននិយាយថា លោកអាចនឹងផ្ញើលិខិតមួយច្បាប់ទៅកាន់ភាគីជប៉ុនដើម្បីនិយាយថា «អ្នកនឹងត្រូវបង់ពន្ធ២៥ភាគរយលើយានយន្តរបស់អ្នក»។
លោក Trump បាននិយាយបន្ថែមថា «ពួកគេនឹងមិនទទួលយករថយន្តរបស់យើងទេ ហើយយើងបានទទួលយករថយន្តរបស់ប្រទេសនេះរាប់លានគ្រឿងនាំចូលទៅក្នុងសហរដ្ឋអាមេរិក»។ ដោយចាត់ទុកស្ថានភាពនេះថាអយុត្តិធម៌ លោកបាននិយាយថា «ខ្ញុំបានពន្យល់រឿងនេះទៅប្រទេសជប៉ុន ពួកគេបានយល់ពីរឿងនេះហើយ»។
លោក Trump បាននិយាយបន្តថា សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មដ៏ធំជាមួយប្រទេសជប៉ុន ដូច្នេះ ប្រទេសជប៉ុន អាចទិញប្រេងនិងផលិតផលរបស់អាមេរិកឲ្យកាន់តែច្រើន ដើម្បីកាត់បន្ថយអតុល្យភាព។
