បេក្ខជនក្រុមកុម្មុយនីស្ត លោកស្រី Jeannette Jara ដែលអតីតរដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសឈីលី បានឈ្នះការបោះឆ្នោតបឋម សម្រាប់គណបក្សឆ្វេងនិយម កាលពីថ្ងៃអាទិត្យ (ទី២៩ ខែមិថុនា) ដែលនេះជាជ័យជម្នះយ៉ាងងាយស្រួលដ៏គួរឲ្យភ្ញាក់ផ្អើល ដោយបានផ្តួលគូប្រជែងក្រុមកណ្ដាលនិយម ជាមួយនឹងសំឡេងឆ្នោតជាង ៦០ភាគរយ។
ការខកចិត្តខ្លាំង ធ្វើឲ្យលោកស្រី Jara វ័យ ៥១ឆ្នាំ ដែលជាបេក្ខជនតំណាងឲ្យរដ្ឋាភិបាលកំពុងកាន់អំណាចដែលកំពុងជួបបញ្ហារបស់ឈីលី ក្នុងការបោះឆ្នោតខែវិច្ឆិកា ត្រូវប្រឈមជាមួយគូប្រជែងកណ្តាល-ស្តាំនិយម និងស្តាំនិយមជ្រុល ដែលបានឡើងប្រជាប្រិយភាព នៅក្នុងការបោះឆ្នោត។ ដោយសារតែអាណត្តិមានកំណត់ ប្រធានាធិបតីឆ្វេងនិយមបច្ចុប្បន្ន គឺលោក Gabriel Boric អាយុ ៣៩ឆ្នាំ មិនអាចឈរឈ្មោះជាលើកទី ២ ជាប់គ្នាបានទេ។

មេធាវី និងជាសមាជិកនៃបក្សកុម្មុយនីស្តរបស់ឈីលី លោកស្រី Jara ដែលជារដ្ឋមន្ត្រីការងាររបស់លោក Boric មុនពេលលាលែងពីតំណែង ដើម្បីទៅឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី ទទួលបានសំឡេងគាំទ្រ ៦០,៥ភាគរយ។ បេក្ខជនលំដាប់ទី២ ដែលត្រូវបានចាត់ទុកមានសង្ឈឹមខ្ពស់គេ និងជាអតីតរដ្ឋមន្ត្រីមហាផ្ទៃ គឺលោកស្រី Carolina Toha មកពីគណបក្សសង្គមប្រជាធិបតេយ្យ ទទួលបានសន្លឹកឆ្នោត ២៧,៧ភាគរយ។
លោកស្រី Jara បានសរសេរនៅលើបណ្ដាញសង្គមថា៖ «ថ្ងៃនេះ ចាប់ផ្តើមនូវមាគ៌ាថ្មីមួយ ដែលយើងនឹងដើរជាមួយគ្នាដោយជឿជាក់ ដើម្បីកសាងប្រទេសឈីលីប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យជាងមុន។ នៅចំពោះមុខការគំរាមកំហែងពីពួកស្តាំនិយមជ្រុល យើងត្រូវឆ្លើយតបដោយការឯកភាពគ្នា ការសន្ទនា និងក្តីសង្ឃឹម»។
គួរបញ្ជាក់ថា ប្រជាជនឈីលីនឹងទៅបោះឆ្នោតនៅថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតី សម្រាប់អាណត្តិ ២០២៦-២០៣០៕
