កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃចន្ទនេះថា មនុស្សរាប់លាននាក់ ដែលផ្លាស់ទីលំនៅដោយសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ ប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែជ្រៅឡើង ខណៈដែលការផ្តល់មូលនិធិសម្រាប់ជំនួយស្បៀងអាហារ កំពុងធ្លាក់ចុះ។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ មក សង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស បានបង្កើតវិបត្តិផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក ដោយមនុស្សជាង ១០លាននាក់ បានផ្លាស់ទីលំនៅ នៅក្នុងប្រទេសនេះ។

មនុស្ស ៤លាននាក់ផ្សេងទៀត បានភៀសខ្លួនឆ្លងកាត់ព្រំដែន ជាចម្បងទៅប្រទេសឆាដ អេហ្ស៊ីប និងស៊ូ ដង់ខាងត្បូង។
លោក Shaun Hughes អ្នកសម្របសម្រួលគ្រាអាសន្នរបស់អង្គការ WFP សម្រាប់វិបត្តិក្នុងតំបន់ស៊ូដង់បាននិយាយថា៖«នេះគឺជាវិបត្តិក្នុងតំបន់ពេញបន្ទុក ដែលកំពុងកើតឡើង នៅក្នុងប្រទេសមួយចំនួន ដែលអសន្តិសុខស្បៀងអាហារ និងជម្លោះ មានកម្រិតខ្ពស់»។
អង្គការសហប្រជាជាតិនិយាយថា ផែនការឆ្លើយតបមនុស្សធម៌របស់ខ្លួនសម្រាប់ប្រទេសស៊ូដង់ ដែលជាវិបត្តិអត់ឃ្លានដ៏ធំបំផុតរបស់ពិភពលោក គឺត្រូវបានផ្តល់មូលនិធិត្រឹមតែ ១៤,៤ ភាគរយប៉ុណ្ណោះ។
