សារព័ត៌មាន Milliyet បានរាយការណ៍ថា នាយកអង្គការស៊ើបការណ៍ជាតិទួរគី លោក Ibrahim Kalin បានជួបជាមួយគណៈប្រតិភូហាម៉ាស ដែលដឹកនាំដោយប្រធានក្រុមប្រឹក្សា Shura របស់ក្រុមហាម៉ាស លោក Muhammad Darwish ដើម្បីពិភាក្សាអំពីស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

យោងតាមកាសែតនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទួរគី និងអន្តរជាតិ ក្នុងការទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងដែនដីនេះ និងធានាបាននូវការបញ្ជូនជំនួយសង្គ្រោះភ្លាមៗ ទៅកាន់ទីនោះ។
សារព័ត៌មាន Milliyet បានបញ្ជាក់ថា ពួកគេក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការឈានដល់ការឯកភាពគ្នារវាងក្រុមប្រឆាំងប៉ាឡេស្ទីនផ្សេងៗទៀត និងវិធានការដែលត្រូវចាត់ឡើង ដើម្បីឆ្ពោះទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្កាហ្សា។
