ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូ បានសម្រេចដាក់ការរឹតត្បិតទៅវិញទៅមកលើប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបចំនួន១៥ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ក្នុងការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅក្នុងវិធានការប្រឆាំងទៅនឹងការរឹតត្បិតចុងក្រោយរបស់សហភាពអឺរ៉ុបលើការបោះពុម្ពផ្សាយ និងបណ្តាញព័ត៌មានរបស់រុស្ស៊ីចំនួន៨ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ជាផ្នែកមួយនៃអ្វីដែលគេហៅថាកញ្ចប់ទណ្ឌកម្មទី១៦ នៅក្នុងខែកុម្ភៈឆ្នាំនេះ ភាគីរុស្ស៊ីបានសម្រេចដាក់ការរឹតត្បិតប្រឆាំងនៅក្នុងទឹកដីរបស់ខ្លួន ចំពោះធនធានគេហទំព័រនៃប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន១៥ ដែលពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្រសួងបាននិយាយបន្ថែមថា ប្រសិនបើការរឹតត្បិតទាំងនេះដែលត្រូវបានដាក់លើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងបណ្តាញព័ត៌មានត្រូវបានដកចេញវិញ នោះភាគីរុស្ស៊ីក៏នឹងពិនិត្យឡើងវិញនូវការសម្រេចរបស់ខ្លួន ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប។
