យោងតាមរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា ប្រាក់ដុល្លារអាមេរិក បានចាប់ផ្តើមឆ្នាំថ្មីអាក្រក់បំផុត ក្នុងរយៈពេលជាង ៥ទសវត្សរ៍។ សារព័ត៌មាន Financial Times (FT) បានរាយការណ៍ថា សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងភាពរឹងមាំនៃរូបិយប័ណ្ណអាមេរិក ធៀបនឹងរូបិយប័ណ្ណសកលផ្សេងទៀត បានធ្លាក់ចុះជាង ១០ភាគរយ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ។ រូបិយបណ្ណដែលត្រូវបានវាស់វែងធៀបនឹងប្រាក់ដុល្លារ គឺអឺរ៉ូរបស់សហភាពអឺរ៉ុប យ៉េនរបស់ជប៉ុន ផោនរបស់អង់គ្លេស ប្រាក់ដុល្លារកាណាដា ក្រូណាស៊ុយអែត និងហ្វ្រង់ស្វីស។

សារព័ត៌មាន FT រាយការណ៍ថា នេះគឺជាឆមាសទីមួយដ៏អាក្រក់បំផុត សម្រាប់ប្រាក់ដុល្លារ គិតចាប់តាំងពីឆ្នាំ១៩៧៣ នៅពេលដែលវាបានធ្លាក់ថ្លៃ ១៥ភាគរយ។ អ្នកយុទ្ធសាស្រ្តផ្នែករូបិយប័ណ្ណ លោក Francesco Pesole បានភ្ជាប់បញ្ហានេះទៅនឹងសង្រ្គាមពន្ធរបស់លោកប្រធានាធិបតី Donald Trump តម្រូវការខ្ចីប្រាក់របស់ប្រទេស និងក្ដីបារម្ភ អំពីឯករាជ្យភាពរបស់ធនគារកណ្ដាលសហព័ន្ធ ដែលជាអ្នកសម្រេចលើគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។
លោក Pesole ដែលធ្វើការឲ្យក្រុមហ៊ុនប្រព័ន្ធធនាគារសកល ING បានប្រាប់សារព័ត៌មាន FT ថា៖ «ប្រាក់ដុល្លារ បានរងគ្រោះដោយសារគោលនយោបាយមិនអាចទាយទុកបាននៃសម័យកាលលោក Trump 2.0»។
សូមបញ្ជាក់ថា លោក Trump បានប្រកាសវិធានការដំឡើងពន្ធសកល ជាអ្វីដែលលោកបានដាក់ឈ្មោះថា ជា «ថ្ងៃរំដោះ» កាលពីថ្ងៃទី២ ខែមេសា។ ប៉ុន្តែភ្លាមៗ លោកបានផ្អាកការតព្វកិច្ចនេះ លើប្រទេសភាគច្រើនរយៈពេល ៩០ថ្ងៃ ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី៩ ខែកក្កដា៕
