ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារ (ទី១ ខែកក្កដា) នេះ បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្តាលនៃប្រទេសចិន បានបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ ហើយ ៦នាក់ផ្សេងទៀតបាត់ខ្លួន ខណៈដែលប្រទេសនេះ ត្រូវប្រឈមជាមួយនឹងអាកាសធាតុអាក្រក់ធ្ងន់ធ្ងរ។
ដោយដកស្រង់ពីមជ្ឈមណ្ឌលឆ្លើយតបគ្រាអាសន្នរបស់តំបន់ ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា «ភ្លៀងធ្លាក់ខ្លាំងរយៈពេលខ្លី» បានកើតមាននៅទីក្រុង Taiping និង Erlangping ក្នុងខេត្ត Henan ចន្លោះម៉ោង ៩យប់ ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៣០ ខែមិថុនា។

យោងតាមសារព័ត៌មាន Xinhua ដដែល បានឲ្យដឹងទៀតថា ភ្លៀងធ្លាក់កម្រិត ២២៥,៣មីលីម៉ែត្រ បាននាំឲ្យទឹកទន្លេ Shewei ឡើងយ៉ាងខ្លាំង ដែល «បណ្តាលឲ្យមានការខូចខាត នៅទីកន្លែងមួយចំនួន និងធ្វើឲ្យមនុស្សម្នាជាច្រើនជាប់ទៅណាមិនរួច។
សារព័ត៌មាននេះ បានបន្តថា៖ «រហូតមកដល់ពេលនេះ មនុស្ស ២នាក់ដែលជាប់ទៅណាមិនរួច ត្រូវបានជួយសង្គ្រោះ ២នាក់បានបាត់បង់ជីវិត ហើយ៦នាក់ផ្សេងទៀតនៅតែបាត់ខ្លួនដដែល»។
សេចក្ដីរាយការណ៍ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរមូលដ្ឋាន បានបើកបេសកកម្មស្វែងរក និងជួយសង្គ្រោះ នៅក្នុងតំបន់ដែលរងគ្រោះ។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា អាកាសធាតុអាក្រក់ធ្ងន់ធ្ងរខ្លាំង បានប៉ះពាល់ដល់ផ្នែកដ៏ធំនៃប្រទេសចិន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានបណ្ដាលឲ្យមានអ្នកស្លាប់ ៦នាក់ ខណៈដែលជាង ៨០.០០០នាក់ ត្រូវបានជម្លៀសចេញ ដោយសារទឹកជំនន់ នៅក្នុងខេត្ត Guizhou ភាគខាងត្បូង កាលពីសប្តាហ៍មុន។
ជាមួយគ្នានេះ អាជ្ញាធរបានចេញការព្រមាន អំពីកម្ដៅ ក្នុងទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន ខណៈដែលសីតុណ្ហភាព ក្នុងរដ្ឋធានីនេះ បានឡើងដល់ជិត ៤០អង្សាសេ៕
