រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសពីការបញ្ចប់ជាផ្លូវការនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) កាលពីថ្ងៃអង្គារ (ទី១ ខែកក្កដា) បន្ទាប់ពីបានចាត់វិធានការរុះរើយ៉ាងឆាប់រហ័សនូវស្ថាប័នផ្ដល់ជំនួយបរទេសរបស់រដ្ឋាភិបាល ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ត្រលប់ទៅអង្គុយកៅអីសេតវិមានវិញ។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ខណៈដែលលោក John F. Kennedy បានប្រឹងប្រែងប្រើជំនួយ ដើម្បីទទួលបានការគាំទ្រពីប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងសម័យសង្គ្រាមត្រជាក់ ឥឡូវនេះ USAID ត្រូវបានរួមបញ្ចូលទៅក្នុងក្រសួងការបរទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន AFP។

សារព័ត៌មាន Reuters បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលកត់សម្គាល់ពីការផ្ទេរទីភ្នាក់ងារ USAID ទៅក្រសួងការបរទេស ដែលជាផ្នែកមួយនៃការជំរុញមិនធ្លាប់មានពីមុនរបស់លោកប្រធានាធិបតី Trump ដើម្បីកាត់បន្ថយរដ្ឋាភិបាលសហព័ន្ធនោះ លោក Rubio បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងលុបចោលនូវអ្វីដែលលោកហៅថា ជំនួយផ្អែកលើគំរូសប្បុរសធម៌ ហើយនឹងផ្តោតលើការផ្តល់អំណាចដល់ប្រទេសនានាឲ្យរីកចម្រើនប្រកបដោយចីរភាព។
បើយោងតាមរបាយការណ៍របស់សារព័ត៌មាន Hill បានឲ្យដឹងថា ការបិទជាផ្លូវការរបស់ទីភ្នាក់ងារ USAID កើតឡើងបន្ទាប់ពីមានការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងទស្សនាវដ្តី Lancet Medical ដែលព្យាករថា ការស្លាប់បន្ថែមជាង ១៤លាននាក់ អាចកើតឡើងនៅទូទាំងពិភពលោក ដោយសារលទ្ធផលនៃការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកនេះ ក្នុងនោះរួមទាំងការស្លាប់របស់កុមារចំនួន ៤,៥លាននាក់ផងដែរ។
ដោយដកស្រង់របាយការណ៍របស់ Lancet Medical ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍ថា «តែយ៉ាងណាក្ដី មិនដូចព្រឹត្តិការណ៍អាក្រក់មុនៗ វិបត្តិនេះនឹងកើតចេញពីជម្រើសគោលនយោបាយដឹងច្បាស់ និងអាចចៀសបាន ដែលបន្ទុកនឹងធ្លាក់ទៅលើកុមារ និងប្រជាជនវ័យក្មេងដោយមិនសមហេតុផល ហើយផលវិបាករបស់វាអាចមានរាប់ទសវត្សរ៍»៕
