អាជ្ញាធរបានឲ្យដឹងថា ការផ្ទុះ ដែលកើតមានក្នុងឃ្លាំងកាំជ្រួច នៅភាគខាងជើងរដ្ឋ California សហរដ្ឋអាមរិក បានបង្កឲ្យមានអគ្គិភ័យជាច្រើន ដោយគេឃើញសំណុំផ្សែងខ្មៅហុយទ្រលោមទៅលើអាកាស ខណៈដែលការបញ្ជាជម្លៀសត្រូវបានប្រកាស។ ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍នៅឡើយទេ អំពីការរងរបួស។
ប្រជាជនត្រូវបានជំរុញឲ្យចៀសពីតំបន់ Esparto និង Madison ជាច្រើនថ្ងៃ បន្ទាប់ពីមានការផ្ទុះ កាលពីយប់ថ្ងៃអង្គារ (ទី១ ខែកក្កដា) ដែលបានបណ្ដាលឲ្យកាំជ្រួចផ្ទុះយ៉ាងច្រើន និងចំហេះដ៏ធំ ដែលនាំឲ្យមានអគ្គិភ័យ នៅកន្លែងផ្សេងៗ និងអគារដួលរលំ។ ការិយាល័យតម្រួតតំបន់ Yolo បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អគ្គិភ័យនេះនឹងត្រូវការពេលវេលា ដើម្បីពន្លត់ ហើយនៅពេលដែលគ្រប់គ្រង អ្នកជំនាញផ្នែកគ្រឿងផ្ទុះ ត្រូវតែចូលទៅក្នុងទីតាំងនោះដោយសុវត្ថិភាព ដើម្បីវាយតម្លៃ។
ការិយាល័យនេះបានបញ្ជាក់ថា មូលហេតុនៃការផ្ទុះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ នាយកដ្ឋានព្រៃឈើ និងការពារអគ្គិភ័យរដ្ឋ California បានឲ្យដឹងថា អណ្ដាតភ្លើងបានរាលដាលដល់ផ្ទៃដី ៧៨ហិចតា គិតត្រឹមយប់ថ្ងៃអង្គារ។ Esparto ស្ថិតនៅក្នុងតំបន់ជនបទចម្ងាយប្រហែល ៤០ម៉ាយល៍ (៦៤គីឡូម៉ែត្រ) នៅភាគពាយព្យនៃទីក្រុង Sacramento៕