ក្រោយសង្រ្គាមស៊ីវិលរយៈពេល ១៤ឆ្នាំនៅស៊ីរី និងការរញ្ជួយដី គំនរកម្ទេចកម្ទីនៅពាសពេញដងផ្លូវនៅក្នុងទីក្រុង Aleppo រារាំងដល់ការកសាងឡើងវិញ និងគំរាមកំហែងដល់សុខភាពសាធារណៈ ។
យោងតាមការអះអាងរបស់លោក Mohammed al-Rajab គឺជាប្រធានក្រុមមួកស.ការពារស៊ីវិលស៊ីរីនៅទីក្រុង Aleppo បានឲ្យដឹងថា ក្រុមរបស់លោកសង្ឃឹមថានឹងយកចេញកម្ទេចកម្ទីចំនួន ១០៥.០០០ម៉ែត្រគូប ដែលស្មើនឹង ៤០ភាគរយនៃកម្ទេចកម្ទីសរុបនៅក្នុងទីក្រុងមួយនេះ ។ លោកថា ការបោសសម្អាតកម្ទេចម្ទីចេញពីទីក្រុង ត្រូវការរយៈពេលពេញមួយឆ្នាំ ។
ក្រៅពីរារាំងដល់ការរស់នៅប្រចាំថ្ងៃ កម្ទេចកម្ទីក្លាយជាបញ្ហាប្រឈមដល់សុខភាពធ្ងន់ធ្ងរ និងក្តីបារម្ភសុវត្ថិភាពផងដែរ ។
លោក Rajab និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កម្ទេចកម្ទីនាំឲ្យមានការស្អុយរលួយ និងបង្កើនហានិភ័យនៃការរីករាលដាលជំងឺនៅក្នុងចំណោមអ្នកស្រុក ។
លោកបានធ្វើការសង្កត់ធ្ងន់ផងដែរថា គ្រាប់មិនទាន់ផ្ទុះនៅក្រោមកម្ទេចកម្ទីបន្ថែមគ្រោះថ្នាក់មួយឡែកទៀតដល់ក្រុមការងាររបស់លោក ក្នុងការបោសសម្អាតកម្ទេចកម្ទីចេញ ។
នៅក្នុងរបាយការណ៍ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីខែមិថុនា ឆ្នាំ ២០២៥ សេវាកម្មសកម្មភាពមីនអង្គការសហប្រជាជាតិ និយាយថា ដៃគូសកម្មភាពមីនឆ្លងកាត់ព្រំដែន បានចុះប្រតិបត្តិការបោសសម្អាតចំនួន ១.៥០០លើក នៅតំបន់ភាគពាយ័ព្យ ដោយកម្ចាប់គ្រាប់មិនទាន់ផ្ទុះបានចំនួនជាង ២ពាន់គ្រាប់ ៕