បាល់ទាត់៖ ក្លិបអង្គរថាយហ្គឺរបានប្រកាសជូនទៅដល់អ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា កិច្ចសន្យាខ្ចីជើងកីឡាករ សឿត បារាំង រយៈពេលមួយរដូវកាលពីក្លិបភ្នំពេញក្រោនត្រូវបានឈានដល់ទីបញ្ចប់។ បារាំង នឹងចាកចេញពីក្លិបអង្គរថាយហ្គឺរ និងត្រឡប់ទៅកាន់ភ្នំពេញក្រោនវិញ។
ក្លិបអង្គរថាយហ្គឺរបានថ្លែងអំណរគុណទៅកាន់ សឿត បារាំង ដែលបានជ្រើសយកអង្គរថាយហ្គឺរ និងរួមចំណែកដ៏ធំមួយសម្រាប់ក្លិបក្នុងរដូវកាល ២០២១ កន្លងទៅ។ ក្លិបជូនពរឲ្យ បារាំង ជួបតែសំណាងល្អ និងទទួលជោគជ័យក្នុងពេលអនាគត។ ចំនែកកីឡាករខ្សែការពាររូបនេះក៏បានអរគុណដល់ថ្នាក់ដឹកនាំក្លិបអង្គរថាយហ្គឺរ អ្នកចាត់ការក្រុម ក្រុមគ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រទាំងអស់ដែលបានផ្ដល់ឱកាសដល់រូបគេសម្រាប់រយៈពេលពេញមួយឆ្នាំនេះ អរគុណដល់ការគោរពស្រលាញ់នឹងផ្ដល់អនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន ជាចុងក្រោយសូមជូនពរឲ្យក្លិបជួបតែសំណាងល្អ និងជោគជ័យក្នុងវិស័យមួយនេះ៕
អត្ថបទ៖ គង់ ហួន