មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់នៅទូទាំងទ្វីបអឺរ៉ុប — ដោយការស្លាប់ ៤នាក់ កើតឡើងនៅអេស្ប៉ាញ ២នាក់នៅបារាំង និង ២នាក់នៅអ៊ីតាលី — ខណៈរលកកម្ដៅនៅដើមរដូវក្តៅដ៏កំណាច បានបន្តគ្របដណ្ដប់ផ្នែកភាគច្រើននៃទ្វីបដ៏ចំណាស់មួយនេះកាលពីថ្ងៃពុធ (០២ កក្កដា) ដោយបង្កឱ្យមានការជូនដំណឹងអាសន្នអំពីសុខភាព និងចំហេះព្រៃ ព្រមទាំងបង្ខំឱ្យបិទម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរនៅរោងចក្រថាមពលស្វីស។

ក្រុមមន្ត្រីអេស្ប៉ាញនិយាយថា ចំហេះព្រៃនៅតំបន់ Catalonia បានសម្លាប់មនុស្ស ២នាក់កាលពីថ្ងៃអង្គារ ហើយអាជ្ញាធរបានរាយការណ៍ពីការស្លាប់ផ្សេងទៀតដោយសាររលកកម្ដៅផងដែរក្នុងតំបន់ Extremadura និង Cordoba ។ រដ្ឋមន្ត្រីក្រសួងថាមពលរបស់បារាំង បានរាយការណ៍ពីការស្លាប់ ២នាក់ទាក់ទងនឹងកម្ដៅ ដោយមនុស្ស ៣០០នាក់ ផ្សេងទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
អ៊ីតាលី ចេញការជូនដំណឹងពណ៌ក្រហមសម្រាប់ទីក្រុងចំនួន១៨ ជាមួយនឹងសេចក្ដីរាយការណ៍ពីបុរស ២នាក់ វ័យលើសពី ៦០ឆ្នាំបានស្លាប់ ដោយសារតែកម្ដៅដ៏ក្ដៅគគុកនេះ ខណៈនៅអាល្លឺម៉ង់ សីតុណ្ហភាពត្រូវព្យាករថានឹងឡើងដល់កម្រិតកំពូលខ្ពស់បំផុតនៅ ៤០អង្សាសេ នៅក្នុងតំបន់មួយចំនួន ដែលបង្កើតជាថ្ងៃក្តៅបំផុតប្រចាំឆ្នាំ។
អ៊ីតាលី បារាំង និងអាល្លឺម៉ង់ បានព្រមានពីហានិភ័យនៃព្យុះខ្លាំងក្លាដោយសារតែការឡើងកម្ដៅដ៏អាក្រក់នៅក្នុងបរិយាកាសមិនស្ថិតស្ថេរ។ ព្យុះដ៏ហិង្សាជាច្រើននៅតំបន់ភ្នំអាល់របស់បារាំង កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ បានបង្កឱ្យមានបំណាក់ដីយ៉ាងធំ ដោយរំខានដល់ចរាចរណ៍ផ្លូវដែករវាងទីក្រុងប៉ារីស និងទីក្រុងមីឡាន របស់អ៊ីតាលី៕

