បាល់ទាត់៖ ក្រុមតោខៀវ Chelsea បានតាមពីក្រោយ ២គ្រាប់រហូតស្មើ ២-២ ទល់នឹងក្រុមភ្ញៀវហង្សក្រហម Liverpool ដែលធ្វើឱ្យក្រុមកំពូលតារាង Manchester City ឡើងនាំមុខដាច់ដល់ទៅ ១០ពិន្ទុ។ អ្នកចាត់ការ Liverpool លោក Jurgen Klopp អវត្តមានពីការប្រកួតនេះក្រោយសង្ស័យឆ្លង Covid-19 ស្របពេល Chelsea មិនដាក់ Lukaku ដែលមិនសប្បាយចិត្តចង់ចាកចេញទៅ Inter Milan វិញ។

Liverpool រកបានគ្រាប់នាំមុខ ២គ្រាប់មុនដោយ Sadio Mane និង Mohamed Salah តែក្នុងវគ្គទី១ ដដែល Chelsea តាមស្មើវិញ ២គ្រាប់ចុងក្រោយម៉ោងដោយ Mateo Kovacic និង Christian Pulisic។ លទ្ធផលស្មើគ្នានេះធ្វើឱ្យ Liverpool បន្តឈរលេខ៣ មាន ៤២ពិន្ទុក្រោយលេងបាន ២០ប្រកួតឯ Chelsea លេខ២ មាន ៤៣ពិន្ទុក្រោយលេងបាន ២១ប្រកួត ខណៈ Manchester City នាំមុខដាច់ ១០ពិន្ទុមានសរុប ៥៣ពិន្ទុពីការប្រកួត ២១លើក។ ប្រកួតបន្ទាប់ Manchester City ជួប Chelsea នៅថ្ងៃទី១៥ ខណៈ Liverpool ជួប Brentford នៅថ្ងៃទី១៦ ខែមករានេះ៕
អត្ថបទ៖នាង សុភាវុធ