ប្រភពដែលដឹងពីការពិភាក្សានេះ បានឲ្យដឹងថា ក្រុមអ្នកចរចាពាណិជ្ជកម្មអាមេរិក និងឥណ្ឌា កាលពីថ្ងៃពុធ (ទី២ ខែកក្កដា) បានប្រឹងប្រែងធ្វើការ ដើម្បីជំរុញឲ្យឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយអត្រាពន្ធ នៅមុនថ្ងៃផុតកំណត់ផុតពេលចរចានាថ្ងៃទី៩ ខែកក្កដារបស់លោកប្រធានាធិបតី Donald Trump ប៉ុន្តែការខ្វែងគំនិតគ្នាលើផលិតផលទឹកដោះគោ និងកសិកម្មរបស់អាមេរិក នៅតែមិនទាន់ដោះស្រាយបានដដែល។
ការជំរុញនេះបានកើតឡើងក្នុងពេលដែលលោក Trump បានប្រកាសកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមដែលទម្លាក់អត្រាពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញវៀតណាមយ៉ាងច្រើនដល់ ២០ភាគរយពីកម្រិតគំរាមពីមុន ៤៦ភាគរយ។ ហើយលោក Trump បាននិយាយថា ផលិតផលរបស់សហរដ្ឋអាមេរិកអាចចូលទៅវៀតណាមដោយមិនចាំបាច់បង់ពន្ធ ប៉ុន្តែការផ្ដល់ព័ត៌មានលម្អិត គឺតិចតួចណាស់។

លោក Trump បានគំរាមដាក់ពន្ធ ២៦ភាគរយលើទំនិញឥណ្ឌា ដែលជាផ្នែកមួយនៃវិធានការពន្ធ «ថ្ងៃរំដោះ» កាលពីថ្ងៃទី២ ខែមេសារបស់លោក ដែលត្រូវបានបន្ទាបជាបណ្តោះអាសន្នមកត្រឹម ១០ភាគរយ ដើម្បីទុកពេលវេលាឲ្យមានការចរចា។
ប្រភពពីខាងក្នុងក្រសួងពាណិជ្ជកម្មរបស់ឥណ្ឌា បានឲ្យដឹងថា គណៈប្រតិភូពាណិជ្ជកម្មមកពីប្រទេសឥណ្ឌា នៅតែស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោនដដែល រយៈពេលមួយសប្តាហ៍ បន្ទាប់ពីបានទៅដល់ ដើម្បីបើកកិច្ចពិភាក្សាដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍មុន។
ប្រភពបានបញ្ជាក់ថា ក្រុមអ្នកចរចាអាចនឹងស្នាក់នៅយូរជាងនេះ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ប៉ុន្តែដោយមិនមានការសម្របសម្រួល លើបញ្ហាកសិកម្ម និងទឹកដោះគោ ដោយបានបន្ថែមថា វាមិនអាចទទួលយកបានទេ ក្នុងការកាត់បន្ថយពន្ធលើពោត សណ្តែកសៀង អង្ករ និងស្រូវសាលីដែលដាំដុះនៅសហរដ្ឋអាមេរិក៕
