ជោគវាសនារបស់លោកស្រី Paetongtarn Shinawatra កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលតុលាការធម្មនុញ្ញសម្រេចលើការព្យួរតំណែងរបស់លោកស្រី ដែលជាសញ្ញាដ៏សំខាន់មួយសម្រាប់រយៈពេល ៦០ថ្ងៃ នៅចំពោះមុខទិដ្ឋភាពនយោបាយរបស់ប្រទេសថៃ។
ល្បែងនយោបាយនៅក្នុងប្រទេសថៃ ត្រូវបានកំណត់ឲ្យមានការតតាំងយកចាញ់ឈ្នះ ក្នុងរយៈពេល ៦០ថ្ងៃខាងមុខ។ លោកស្រី Paetongtarn និងគណបក្សភឿថៃ ត្រូវតែជួបប្រទះបញ្ហាប្រឈមនានា ខណៈដែលគូប្រជែងរបស់ពួកគេ ព្យាយាមប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីយ៉ាងស្វាហាប់បំផុត។

រដ្ឋាភិបាលរបស់លោកស្រី Paetongtarn កំពុង បាត់បង់ការគាំទ្រ ដោយសាររឿងអាស្រូវមួយចំនួន។
កាលពីថ្ងៃទី ០១ ខែកក្កដា តុលាការធម្មនុញ្ញ បានសម្រេចព្យួរលោកស្រី Paetongtarn ពីតួនាទីជានាយករដ្ឋមន្ត្រី ដោយបានជំរុញលោកស្រីឲ្យធ្លាក់ចូលក្នុងស្ថានភាពនយោបាយមិនប្រាកដប្រជា។ អនាគតរបស់លោកស្រីឥឡូវនេះពឹងផ្អែកលើការសម្រេចរបស់តុលាការនាពេលខាងមុខ ដោយជោគវាសនារបស់លោកស្រី អាចឆ្លុះបញ្ជាំងពីអនាគតរបស់អតីតនាយករដ្ឋមន្ត្រីលោក Srettha Thavisin ដែលត្រូវបានតុលាការដកចេញតំណែង ជុំវិញការតែងតាំងរដ្ឋមន្ត្រីដ៏ចម្រូងចម្រាស នៅឆ្នាំ ២០២៤នោះដែរ។
