កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយដែលបានឃើញប្រជាពលរដ្ឋ សប្បាយរីករាយនៅថ្ងៃខួបនយោបាយឈ្នះ ឈ្នះ ក៏ដូចជាថ្ងៃឆ្លងឆ្នាំសកល ខណៈដែលរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ តាមរយៈការដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងជោគជាំនោះ។
ការដែលសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានបង្ហាញមោទនភាពពីការបើកប្រទេសឡើងវិញ និងបានឃើញប្រជាពលរដ្ឋមានការសប្បាយរីករាយនៅថ្ងៃឆ្លងឆ្នាំសកល ហើយសង្ឃឹមថា យើងនឹងសប្បាយនៅពេលចូលឆ្នាំខ្មែរតទៅទៀត ថ្លែងបែបនេះ ខណៈសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ក្នុងប្រវែង១៤៨គីឡូម៉ែត្រ ដែលប្រារព្ធពិធីបើកការដ្ឋាននៅស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២២នេះ។
សម្តេចបញ្ជាក់ថា ចូលឆ្នាំខ្មែរ យើងនឹងសប្បាយទៀត ព្រោះខានសប្បាយរយៈពេល២ឆ្នាំមកហើយដោយសារការបិទខ្ទប់។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានរំលឹកថា ការបិទប្រទេសមិនមែនជាការងាយស្រួលទេសម្រាប់ការគិតគូរដោះស្រាយគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋយើងដែលជាប់បិទខ្ទប់ ដូច្នេះសម្តេចមិនចង់ឱ្យមានការបិទខ្ទប់ណាមួយឱ្យកើតមានឡើងទៀតទេ៕អត្ថបទ៖ មុត សុទ្ធ









