ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ មានការតក់ស្លុត និងក្រៀមក្រំយ៉ាងខ្លាំងពេលឮដណឹងថា ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់លេងឲ្យក្លិប Liverpool កីឡាករ Diogo Jota និងប្អូនប្រុសរបស់គាត់ បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តនៅតំបន់ភាគពាយ័ព្យប្រទេសអេស្ប៉ាញ ។
លោក Pedro Gazparគឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង និយាយថា លោកពិជាភ្ញាក់ផ្អើលខ្លាំងណាស់នឹងព័ត៌មានមួយនេះ ពេលដែលលោកពុំបានមើលព័ត៌មាននៅថ្ងៃនេះ ហើយលោកអស់យោបល់តែម្តងចំពោះអ្វីដែលបានកើតឡើង ។
នគរបាលអេស្ប៉ាញនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តម៉ាក Lamborghini បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានរេចង្កូតចេញពីផ្លូវដោយសារផ្ទុះកង់ពេលកំពុងវ៉ាជែងរថយន្តផ្សេង រួចផ្ទុះជាអណ្តាតភ្លើងឡើង ។
ក្រុមអាជ្ញាធរនិយាយថា ហេតុការណ៍គ្រោះថ្នាក់ កើតឡើងនៅម៉ោង ០០:៣០នាទី ម៉ោងក្នុងស្រុក នៅទីក្រុង Cernadilla ក្នុងខេត្ត Zamora។
កីឡាករ Jota វ័យ ២៨ឆ្នាំ ទើបតែបានរៀបការជាមួយគូស្នេហ៍របស់ខ្លួន គឺនាង Rute Cardoso កាលពី ២សប្តាហ៍មុន ហើយអ្នកទាំង ២មានកូន ៣នាក់។
កីឡាករ Jota បានផ្ទេរមកលេងឲ្យក្លិប Liverpool កាលពីឆ្នាំ២០២០ ក្នុងកិច្ចព្រមព្រៀងតម្លៃ ៤៤,៧លានអឺរ៉ូ ដោយចាកចេញពីក្រុម Wolverhampton Wanderers ហើយស៊ុតបញ្ចូលទីបាន ៦៥គ្រាប់ ក្រោយលេងបាន ១៨២លើកឲ្យក្រុមមួយនេះ ៕