នគរបាលស៊ែប៊ី បានចាប់ឃុំខ្លួនបាតុករចំនួន ៧៩នាក់ កាលពីល្ងាចថ្ងៃពុធ (ទី២ ខែកក្កដា) ក្នុងអំឡុងពេលមានការបង្រ្កាបលើអ្នកតវ៉ានៅតាមដងផ្លូវ ដែលអំពាវនាវមានការបោះឆ្នោតមុនអាណត្តិ និងការបញ្ចប់ការគ្រប់គ្រងរយៈពេល ១២ឆ្នាំរបស់លោកប្រធានាធិបតី Aleksandar Vucic និងគណបក្ស Serbian Progressive (គណបក្សស៊ែប៊ីជឿនលឿន) របស់លោក។
នៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) នេះ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នគរបាល និងអ្នកតវ៉ា បានប៉ះទង្គិចគ្នា នៅក្នុងរដ្ឋធានី Belgrade និងទីក្រុងផ្សេងទៀត គឺ Novi Sad, Nis និង Novi Pazar។
គួរបញ្ជាក់ថា ការតវ៉ាជាច្រើនខែ នៅទូទាំងប្រទេសស៊ែប៊ី ក្នុងនោះរួមទាំងការបិទសាកលវិទ្យាល័យផងដែរ បានផ្ដល់សម្ពាធដល់លោក Vucic ជាអតីតអ្នកជាតិនិយមជ្រុលដែលបានប្តូរទៅជាគាំទ្រសមាជិកភាពសហភាពអឺរ៉ុប ក្នុងឆ្នាំ២០០៨។ អាណត្តិទី២ របស់លោក នឹងបញ្ចប់នៅឆ្នាំ២០២៧ ជាពេលដែលការបោះឆ្នោតសភា ក៏ត្រូវបានកំណត់ធ្វើឡើងផងដែរ។
ក្រុមបាតុករបានចាប់ផ្ដើមបិទផ្លូវសំខាន់ៗ ក្នុងទីក្រុង Belgrade និងទីក្រុងតូចៗផ្សេងទៀតនៅទូទាំងប្រទេសស៊ែប៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ជុំវិញការចាប់ខ្លួនសកម្មជន ជាពេលដែលនគរបាល និងអ្នកតវ៉ា បានប៉ះទង្គិចគ្នានៅឯការប្រមូលផ្តុំដ៏ធំមួយ កាលពីថ្ងៃសៅរ៍មុននោះ។
ទូរទស្សន៍ N1 TV បានរាយការណ៍ថា កាលពីល្ងាចថ្ងៃពុធ នគរបាននាំខ្លួននិស្សិតចេញពីមុខច្រកចូលមហាវិទ្យាល័យច្បាប់ ក្នុងទីក្រុង Belgrade ហើយបានឃាត់ខ្លួនមនុស្សរាប់សិបនាក់រយៈពេលខ្លី៕