ក្រុមមន្រ្តីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លើងឆេះព្រៃឆាបឆេះកាន់តែខ្លាំងដោយសារកំសួលខ្យល់បក់នៅលើកោះ Creteប្រទេសក្រិក ដោយបង្ខំឲ្យជម្លៀសអ្នកស្រុក និងភ្ញៀវទេសចរចេញជាបន្ទាន់ ។
ស្ថានភាពអាកាសធាតុក្តៅស្ងួតនៅប្រទេសក្រិក ដែលខុសពីធម្មតាសម្រាប់ពេលនេះ បង្កហានិភ័យកាន់តែខ្ពស់នៃការកើតឡើងវិញម្តងទៀតភ្លើងឆេះព្រៃរដូវក្តៅដែលបានវាយប្រហារប្រទេសមួយនេះ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
សារព័ត៌មានរាយការណ៍ថា មនុស្សប្រហែល ១.៥០០នាក់ ត្រូវបានជម្លៀសខ្លួនចេញ ដោយសារ អណ្តាតភ្លើងដែលបានឆាបឆេះឡើងកាលពីល្ងាចថ្ងៃពុធ ។
លោក Yannis Androulakis គឺជាអភិបាលរងក្រុង Ierapetra និយាយប្រាប់ទូរទស្សន៍ Mega ថា ការជម្លៀសខ្លួនបានធ្វើឡើងនៅតាមសណ្ឋាគារជាច្រើនកន្លែង ហើយភ្ញៀវទេសចរត្រូវបានបញ្ជូនទៅកាន់អគារហាត់ប្រាណបិទទ្វារនៅទីក្រុងរបស់លោក ។
ក្រុមអាជ្ញាធរចាត់វិធានការជម្លៀសខ្លួនបែបនេះ ដោយសារយន្តហោះទម្លាក់ទឹកមិនអាចទៅដល់តំបន់រងផលប៉ះពាល់កាលពីយប់កន្លងទៅ ។
លោក Androulakis បន្តថា នៅពេលនេះ មាននូបញ្ហាប្រឈមមុខ ដោយសារខ្យល់បក់ខ្លាំង ហើយភ្លើងឆេះព្រៃរីករាលយ៉ាងឆាប់រហ័ស ៕