គណបក្សប្រឆាំងកំពុងបង្កើនសម្ពាធលើរដ្ឋាភិបាល ដោយបក្សប្រជាជនថៃអំពាវនាវឱ្យតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន និងការរំលាយសភាមុនដំណាច់ឆ្នាំនេះ ដើម្បីទប់ស្កាត់ភាពជាប់គាំងនយោបាយក្នុងប្រទេសដែលកំពុងបាក់បែកដ៏ជ្រាលជ្រៅមួយនេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយលើបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គណបក្សប្រឆាំងដ៏ធំបានលើកឡើងពីលក្ខខណ្ឌមួយចំនួនសម្រាប់ខ្លួនដើម្បីគាំទ្រមេដឹកនាំថ្មី ប្រសិនបើនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានទម្លាក់ចេញពីតំណែងដោយតុលាការធម្មនុញ្ញថៃជុំវិញនយោបាយពោពេញដោយការបែកបាក់ក្រោមការដឹកនាំរបស់លោកស្រី។បច្ចុប្បន្នលោកស្រី ត្រូវបានព្យួរតំណែងរួចហើយកាលពីថ្ងៃទី១កក្កដា សប្ដាហ៍នេះ ។

គណបក្សនេះបាននិយាយថា នាយករដ្ឋមន្ត្រីថ្មីត្រូវតែយល់ព្រមរំលាយសភានៅចុងឆ្នាំនេះ ហើយប្តេជ្ញាដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខដែលកំពុងកើតមានក្នុងប្រទេស។ សេចក្តីថ្លែងការណ៍បានបន្ថែមថា មិនត្រឹមតែរដ្ឋាភិបាលបន្ទាប់គួរតែស្របច្បាប់ក្នុងក្រសែភ្នែកនៃច្បាប់ និងជាទីទុកចិត្តរបស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែដឹកនាំដោយបុគ្គលមានសមត្ថកិច្ចផងដែរ ជំនួសឱ្យការបង្កើតតាមរយៈការចរចានយោបាយ។

គណបក្សនេះបានកត់សម្គាល់ថា ខណៈសភាបច្ចុប្បន្នមិនអាចបង្កើតរដ្ឋាភិបាលមួយដែលមានគុណសម្បត្តិទាំងនេះ ការបោះឆ្នោតសកលថ្មីត្រូវតែត្រូវបានអំពាវនាវ ដើម្បីបង្កើតរដ្ឋបាលដែលមានសមត្ថភាព និងស្របច្បាប់។
មេដឹកនាំគណបក្សប្រឆាំងចំនួនប្រាំ បានបើកកិច្ចប្រជុំរួមគ្នាលើកដំបូងនៃសម័យប្រជុំសភាថ្មីកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈពួកគេបានស្វាគមន៍គណបក្ស Bhumjaithai ដោយមេដឹកនាំ លោក Anutin Charnvirakul បានប្តេជ្ញាថានឹងតាមដានរដ្ឋាភិបាលយ៉ាងដិតដល់៕