សារព័ត៌មាន News.Az បានរាយការណ៍ដោយសម្អាងដល់កាសែត South China Morning Post ថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសម្ដែងពីក្ដីបារម្ភយ៉ាងខ្លាំងរបស់ទីក្រុងប៉េកាំង ទាក់ទងនឹងគោលនយោបាយអាមេរិក ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ប្រាប់ដល់ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas ក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វាររយៈពេល ៤ម៉ោង។
លោក Wang លើកឡើងថា ប្រសិនបើរុស្ស៊ី ចាញ់សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន នោះនឹងនាំឱ្យសហរដ្ឋអាមេរិក ផ្លាស់ប្តូរការផ្តោតជាយុទ្ធសាស្ត្រទាំងស្រុងរបស់ខ្លួនទៅកាន់ចិន ខណៈបញ្ជាក់ឡើងវិញពីជំហរផ្លូវការរបស់ទីក្រុងប៉េកាំង ថាខ្លួនមិនមែនជាភាគីនៃជម្លោះនេះទេ។

ក្នុងពេលជាមួយគ្នានេះ លោក Wang បានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ណាមួយអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬយោធាសម្រាប់ទីក្រុងមូស្គូ។ តាមសេចក្ដីរាយការណ៍ លោក Wang បានប្រាប់លោកស្រី Kallas ថា "ប្រសិនបើចិន ពិតជាជួយរុស្ស៊ីមែននោះ សង្រ្គាមនឹងចប់យូរមកហើយ"។
ទូទាំងកិច្ចពិភាក្សារយៈពេល ៤ម៉ោងដ៏តានតឹងនេះ ប្រភពជាច្រើននិយាយថា លោក Wang បានប្រាប់លោកស្រី Kallas ម្តងហើយម្តងទៀតនូវអ្វីដែលត្រូវពិពណ៌នាថាជា "មេរៀនប្រវត្តិសាស្ត្រ" ដោយការពារចក្ខុវិស័យភូមិសាស្ត្រនយោបាយរបស់ចិន និងបដិសេធការនិទានរឿងប្រឌិតទាំងឡាយរបស់លោកខាងលិច៕

