សេចក្ដីស្នើច្បាប់កាត់បន្ថយពន្ធ និងការចំណាយរបស់លោកប្រធានាធិបតី Donald Trump ដែលបានទទួលបានការអនុម័តពីសភា កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) បញ្ចៀសលទ្ធភាពនៃការខកខានសងបំណុលរបស់រដ្ឋាភិបាលអាមេរិករយៈពេលខ្លី ប៉ុន្តែធ្វើឲ្យបញ្ហាបំណុលរយៈពេលវែងរបស់អាមេរិកកាន់តែអាក្រក់ទៅៗ។
សមាជិកសភាបក្សសាធារណរដ្ឋ នៅក្នុងសភាតំណាងរាស្រ្ត បានអនុម័តសេចក្ដីស្នើច្បាប់ដែលនឹងពង្រីកវិធានការកាត់បន្ថយពន្ធឆ្នាំ២០១៧ របស់លោក Trump អនុញ្ញាតឲ្យមានការចំណាយកាន់តែច្រើនផ្នែកសន្តិសុខព្រំដែន និងយោធា កាត់បន្ថយយ៉ាងខ្លាំងនៅក្នុងកម្មវិធី Medicare និង Medicaid ហើយបន្ថែមរាប់សែនកោដិដល់បំណុលរបស់រដ្ឋាភិបាល។ លោក Trump ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើច្បាប់នេះឲ្យចូលជាច្បាប់ធរមាន។

ជាផ្នែកមួយនៃកញ្ចប់ពន្ធនេះ សមាជិកសភា បានដំឡើងដែនកំណត់នៃការខ្ចីប្រាក់ចំនួន ៣៦,១សែនកោដិដុល្លាររបស់រដ្ឋាភិបាលអាមេរិក ដែលវាត្រូវបានគេព្យាករថា នឹងឡើងដល់ ៥សែនកោដិដុល្លារ នៅចុងរដូវក្តៅនេះ ជាវិធានការដែលនឹងបន្ថយក្ដីបារម្ភ អំពីលទ្ធភាពនៃការខកខានសងបំណុលរបស់សហរដ្ឋអាមេរិក។
អ្នកវិភាគបានប៉ាន់ប្រមាណនូវអ្វីដែលហៅថា «X-date» ជាពេលដែលរតនាគារមិនអាចបំពេញកាតព្វកិច្ចសងបំណុល ដោយគ្មានការបង្កើន ឬព្យួរដែនកំណត់បំណុលនោះ អាចកើតឡើង នៅចុងខែសីហា ឬដើមខែកញ្ញា។
តែរយៈពេលវែង សេចក្ដីស្នើច្បាប់នេះត្រូវបានគេមើលឃើញថា ជាដំណឹងអាក្រក់ សម្រាប់ទីផ្សារមូលបត្របំណុលសហរដ្ឋអាមេរិក និងស្ថានភាពសារពើពន្ធរបស់ប្រទេស។ អ្នកវិភាគអព្យាក្រឹត្យ បានប៉ាន់ប្រមាណថា ច្បាប់នេះនឹងបន្ថែម ៣,៤សែនកោដិដុល្លារដល់បំណុលរបស់ប្រទេស ក្នុងរយៈពេល ១ទសវត្សរ៍ក្រោយ៕
