
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប. បានប្រកាសនៅថ្ងៃនេះថា មានពលរដ្ឋជាង ៩.២០លាននាក់ មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតថ្មី ខណៈឈ្មោះពលរដ្ឋជាង ២២ម៉ឺននាក់ទៀត ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត។
គ.ជ.ប. បានប្រកាសឱ្យដឹងអំពីចំនួនអ្នកបោះឆ្នោតនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ដែលបិទផ្សាយជាលើកដំបូងនូវបញ្ជីបោះឆ្នោត និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ គ.ជ.ប. បញ្ជាក់ថា មានពលរដ្ឋ ៩,២០៥,៦៧៥នាក់ មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ក្នុងនោះមានស្ត្រីជាង ៤,៩លាននាក់ ខណៈដែលឈ្មោះពលរដ្ឋដល់ទៅ ២២៤,៩៧០នាក់ទៀត ត្រូវបាន គ.ជ.ប. សម្រេចលុបចេញពីបញ្ជីបោះឆ្នោត។
បើតាម គ.ជ.ប. នេះគ្រាន់តែជាការបិទផ្សាយបញ្ជីបោះឆ្នោតជាលើកដំបូងតែប៉ុណ្ណោះ ហើយ គ.ជ.ប. បញ្ជាក់ថា នឹងរង់ចាំបណ្ដឹងតវ៉ា ឬការជំទាស់ណាមួយទៅលើបញ្ជីបោះឆ្នោតថ្មីនេះ។
គ.ជ.ប. បញ្ជាក់ថា ការប្ដឹងតវ៉ា ឬការជំទាស់ណាមួយ ត្រូវតែធ្វើឡើងនៅក្នុងរយៈពេល ១០ថ្ងៃ ឬឱ្យបានមុនថ្ងៃទី១៤ ខែមករា៕