បាល់ទាត់៖ ក្រុមការងារចំពោះកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធទីលានចំនួន ២ រួមមានពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ ដើម្បីត្រៀមសហការជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ រៀបចំការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២២ឆ្នាំ AFF U23 Championship 2022 នាខែកុម្ភៈខាងមុខ។

ការត្រួតពិនិត្យទីលានត្រៀមទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ដឹកនាំដោយលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធដើម្បីពិនិត្យទៅលើស្ថានភាពទីលាន ស្មៅ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដែលចាំបាច់ត្រូវប្រើប្រាស់អំឡុងការប្រកួត ពិសេសពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងត្រូវបើកទ្វារទទួលការប្រកួតលក្ខណៈអន្ដរជាតិលើកដំបូងតែម្ដង។ គួរដឹងថា ពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ដោយក្រុមគោព្រៃជំទង់កម្ពុជាស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី៕
អត្ថបទ៖ លី ឈុនឡា