ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និយាយថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមព្រៀងធ្វើការដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ទីក្រុងគីវ។ លោក Zelenskyy បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា លោកបានសន្ទនាតាមទូរស័ព្ទដ៏មាន «សារៈសំខាន់និងប្រកបដោយផ្លែឬផ្កា» ជាមួយលោកប្រធានាធិបតី Trump ។
អ៊ុយក្រែន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ខណៈរដ្ឋបាល របស់លោកTrump និយាយថា ខ្លួនបានបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួនទៅឲ្យអ៊ុយក្រែន ដែលតាមសេចក្តីរាយការណ៍ថា រួមទាំងមីស៊ីលការពារដែនអាកាសផងដែរ។
លោក Zelenskyy បាននិយាយថា លោកនិង លោកTrump មាន «ការសន្ទនាលម្អិត» អំពីសមត្ថភាពឧស្សាហកម្មការពារជាតិនិងការផលិតរួមគ្នា។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន ពុំបាននិយាយថាតើការផ្គត់ផ្គង់មីស៊ីលការពារដែនអាកាសនឹងបន្ត ឬយ៉ាងណានទេ។
សារព័ត៌មានអាមេរិក Axios បានដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនម្នាក់ និងប្រភពមួយទៀតដែលនិយាយថា លោក Trump បានបង្ហាញពីឆន្ទៈរបស់ទីក្រុងWashingtonដល់លោក Zelenskiy ក្នុងការជួយដល់អ៊ុយក្រែនក្នុងផ្នែកការពារដែនអាកាស។