ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ចំហេះព្រៃនៅក្នុងខេត្ត Izmir របស់ប្រទេសទួរគី បានរាលដាលដល់តំបន់លំនៅឋានមួយកន្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់។
អភិបាលក្រុង Odemis លោក Cemil Tugay បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សរាប់រយនាក់ត្រូវបានបន្សល់ទុកគ្មានផ្ទះសម្បែង ខណៈអណ្តាតភ្លើងចំហេះព្រៃ បានបង្កការបំផ្លិចបំផ្លាញរាលដាល។ លោក Tugay បានប្រាប់អ្នកសារព័ត៌មានថា «ដើមឈើរាប់លានដើម ត្រូវបានឆេះបំផ្លាញនៅទីនេះ បង្កការខូចខាតធ្ងន់ធ្ងរនៅក្នុងភូមិប្រមាណ១០ភូមិ» ។
សារព័ត៌មាន Anadolu បានរាយការណ៍ថា អ្នកពន្លត់អគ្គិភ័យបានបន្តប្រយុទ្ធទប់ស្កាត់អណ្តាតភ្លើងដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះទម្លាក់ទឹកពីខាងលើតំបន់ភ្នំក្នុងខេត្ត Izmir ខណៈអាជ្ញាធរបានបិទផ្លូវមួយចំនួនទៅកាន់ទីក្រុងរមណីយដ្ឋាន។
មនុស្សប្រហែល ៥០.០០០នាក់ ត្រូវបានជម្លៀសចេញជាបណ្ដោះអាសន្នកាលពីដើមសប្តាហ៍នេះ ដោយសារតែចំហេះព្រៃ បង្កឡើងដោយសីតុណ្ហភាពខ្ពស់ សំណើមទាបនិងខ្យល់បក់ខ្លាំង។
យោងតាមសារព័ត៌មាន Anadolu បានឱ្យដឹងថា ចំហេះព្រៃផ្សេងទៀតក៏បានឆេះរាលដាលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅក្នុងខេត្តរមណីយដ្ឋានភាគខាងត្បូងទីក្រុង Antalya និងនៅខាងក្រៅទីក្រុងអ៊ីស្តង់ប៊ុល ជាទីក្រុងធំបំផុតរបស់ប្រទេសទួរគី។