មន្ត្រីតំបន់ នៅភាគកណ្តាលរដ្ឋតិចសាស់ បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃសុក្រ (ទី៤ ខែកក្កដា) ថា ចំនួនអ្នកបាត់បង់ជីវិត ដោយសារទឹកជំនន់យ៉ាងគំហុកភ្លាមៗនៅខាងក្រៅទីក្រុង San Antonio របស់សហរដ្ឋអាមេរិក បានឡើងដល់យ៉ាងហោចណាស់ ២៤នាក់ហើយ ដោយកើនឡើងពីចំនួន ១៣នាក់ដែលត្រូវបានរាយការណ៍នៅមុននោះ។
បន្ទាប់ពីទឹកជំនន់បានបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគពាយព្យនៃទីក្រុង San Antonio តម្រួតតំបន់ Kerr County លោក Larry Lethia បានប្រាប់សន្និសីទសារព័ត៌មាននាពេលល្ងាចថា៖ «អ្វីដែលខ្ញុំអាចបញ្ជាក់បាននៅចំណុចនេះ យើងមានអ្នកស្លាប់ប្រហែល ២៤នាក់»។ ដោយព្រមានថានឹងមានអ្នកស្លាប់និងរបួសកាន់តែច្រើន។
អភិបាលរងរដ្ឋតិចសាស់ លោក Dan Patrick បានបញ្ជាក់ថា អ្នកស្លាប់ខ្លះជាកុមារ។ ហើយរបាយការណ៍មុននេះ បានឲ្យដឹងថា ក្មេងស្រីប្រមាណជាជាង ២០នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនពីជំរុំរដូវក្តៅមាត់ទន្លេ។ លោក Patrick បន្ថែមថា ក្មេងស្រីទាំងនោះមិនត្រូវបានគេឃើញនោះឡើយនៅជំរុំ Camp Mystic តាមដងទន្លេ Guadalupe ដែលទឹកបានហក់ឡើង ២៦ហ្វីត (៨ម៉ែត្រ) ក្នុងរយៈពេល ៤៥នាទី នាពេលយប់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឲ្យដឹងថា កិច្ចប្រឹងប្រែងជួយសង្គ្រោះដ៏ធំ កំពុងដំណើរការ ដើម្បីស្វែងរកក្មេងស្រីដែលបាត់ខ្លួន ដោយរថយន្តជាច្រើនគ្រឿង បានទៅដល់កន្លែងបោះជំរុំនោះ ដើម្បីចាប់ផ្តើមនាំមនុស្សចេញកាលពីល្ងាចថ្ងៃសុក្រ។ មន្ត្រីរដ្ឋ និងមូលដ្ឋាន បានព្រមានអ្នកស្រុកកុំឲ្យធ្វើដំណើរទៅកាន់តំបន់នោះ ដែលរួមមានទាំងកន្លែងបោះជំរុំនៅតាមដងទន្លេ ដោយសារផ្លូវរាប់សិបខ្សែនៅតែ «មិនអាចឆ្លងកាត់បាន»។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុកសោកនាដកម្មដែលបានកើតឡើងនៅថ្ងៃបុណ្យឯករាជ្យជាតិនេះថា ជារឿង «គួរឲ្យតក់ស្លុត» និង «គួរឲ្យខ្លាច«។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បាននិយាយថា មន្ត្រីសហព័ន្ធបានសន្យាផ្តល់ជំនួយ៕