នៅថ្ងៃសៅរ៍ (ទី៥ ខែកក្កដា) នេះ ដោយដកស្រង់សេចក្ដីព្រាងឯកសាររបស់គណៈកម្មការអឺរ៉ុប សារព័ត៌មាន Financial Times (FT) បានរាយការណ៍ថា សហភាពអឺរ៉ុប (EU) គ្រោងស្តុកធនធានរ៉ែសំខាន់ៗ ដើម្បីជាវិធានការប្រុងប្រយ័ត្ន ចំពោះលទ្ធភាពនៃការមានការរំខានដល់ការផ្គត់ផ្គង់ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
សារព័ត៌មាននេះបានដកស្រង់សេចក្តីព្រាងនោះ ដែលបានរៀបរាប់ថា៖ « EU ប្រឈមមុខនឹងហានិភ័យកាន់តែស្មុគស្មាញ និងកាន់តែអាក្រក់ទៅៗ ដែលត្រូវបានសម្គាល់ដោយការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ ដោយក្នុងនោះមានរួមទាំងជម្លោះ ផលប៉ះពាល់កាន់តែខ្លាំងឡើងពីបម្រែបម្រួលអាកាសធាតុ ការបំផ្លិចបំផ្លាញបរិស្ថាន ហើយនិងការគំរាមកំហែងពហុទម្រង់ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត»។
ឯកសារនេះព្រមានថា ស្ថានភាពដែលមានហានិភ័យខ្ពស់ ត្រូវបានជំរុញដោយ «ការកើនឡើងនូវសកម្មភាពរបស់ក្រុមចោរព័ត៌មានវិទ្យា ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត និងក្រុមដែលទទួលបានការឧបត្ថម្ភពីរដ្ឋ»។ គណៈកម្មការអឺរ៉ុបមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters សម្រាប់ការសុំការអត្ថាធិប្បាយ។
យ៉ាងណាក្ដី សារព័ត៌មាន FT បានឲ្យដឹងបន្ថែមថា សេចក្តីព្រាងឯកសារនេះ ដែលគ្រោងបង្ហាញជាសាធារណៈ សប្តាហ៍ក្រោយ និងដែលនៅតែអាចត្រូវបានកែប្រែនោះ បញ្ជាក់ថា មិនមាន «ការយល់ស្របគ្នាទាំងស្រុងនោះឡើយ ដែលថា ធានធានរ៉ែរសំខាន់ៗ គឺចាំបាច់ត្រូវត្រៀម សម្រាប់វិបត្តិ ស្របពេលស្ថានភាពមានហានិភ័យវិវត្តយ៉ាងឆាប់រហ័សនេះ»៕