លោក Elon Musk និយាយថា លោកនឹងបង្កើតគណបក្សនយោបាយថ្មីមួយ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការផ្ទុះជម្លោះសង្គ្រាមពាក្យសម្ដីយ៉ាងខ្លាំងជាមួយប្រធានាធិបតីអាមេរិក Donald Trump ។

មហាសេដ្ឋីរូបនេះបានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកថាលោកគ្រោងបង្កើតបក្សដែលមានឈ្មោះថា គណបក្សអាមេរិក (America Party) ដោយចាត់ទុកការបង្កើតនោះថាជាបញ្ហាប្រឈមចំពោះប្រព័ន្ធពីររបស់គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។
ទោះយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថា តើគណបក្សនេះត្រូវបានចុះបញ្ជីជាផ្លូវការជាមួយអាជ្ញាធរបោះឆ្នោតអាមេរិកឬយ៉ាងណា។ លោកMusk ដែលកើតនៅក្រៅសហរដ្ឋអាមេរិក ហើយដូច្នេះ ពុំមានសិទ្ធិឈរឈ្មោះជាប្រធានាធិបតីអាមេរិក មិនបានប្រាប់ទេថាតើអ្នកណានឹងដឹកនាំគណបក្សនោះ។
ដំបូងឡើយលោកបានលើកឡើងពីការរំពឹងទុកនៃការបង្កើតគណបក្សមួយក្នុងអំឡុងពេលជម្លោះជាសាធារណៈរបស់លោកជាមួយលោក Trump ដែលមើលឃើញរូបលោកចាកចេញពីតួនាទីរបស់ខ្លួននៅក្នុងរដ្ឋបាល និងចូលរួមក្នុងជម្លោះជាសាធារណៈជាមួយអតីតសម្ព័ន្ធមិត្តរបស់លោក។
ជម្លោះរបស់លោកជាមួយលោក Trump បានចាប់ផ្តើមនៅពេលលោកចាកចេញពីរដ្ឋបាលកាលពីក្នុងខែឧសភា ហើយបានរិះគន់ជាសាធារណៈអំពីផែនការពន្ធ និងការចំណាយរបស់លោក Trump៕