ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃអាទិត្យ (០៦ កក្កដា) ថា ទីក្រុងវ៉ាស៊ីនតោន កំពុងខិតទៅជិតការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយនឹងជូនដំណឹងដល់ប្រទេសដទៃទៀតអំពីអត្រាដំឡើងពន្ធកាន់តែខ្ពស់ត្រឹមថ្ងៃទី០៩ ខែកក្កដា ដោយអត្រាខ្ពស់ថ្មីទាំងនោះគ្រោងចូលជាធរមាននៅថ្ងៃទៅ០១ ខែសីហា នាពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick បានបញ្ជាក់ពីការបន្ថែមពេលកំណត់នេះ ដោយប្រាប់អ្នកយកព័ត៌មានថា ពន្ធកាន់តែខ្ពស់នឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ប៉ុន្តែលោក Trump កំពុង "កំណត់អត្រាជាក់លាក់ និងផ្ដោតលើកិច្ចព្រមព្រៀងនាពេលនេះ"។
គួររម្លឹកថា កាលពីខែមេសា លោក Trump បានប្រកាសអត្រាពន្ធមូលដ្ឋាន ១០% លើប្រទេសភាគច្រើន និងពន្ធបន្ថែមរហូតដល់ ៥០% ប៉ុន្តែក្រោយមកលោកបានពន្យារពេលកាលបរិច្ឆេទធរមានសម្រាប់ពន្ធបដិការទាំងអស់នោះ រហូតដល់ថ្ងៃទី០៩ ខែកក្កដា ខណៈអត្រាគោល ១០% នៅតែបន្ត។ កាលបរិច្ឆេទផុតកំណត់ពន្ធថ្មីនៅដើមខែសីហានេះ ផ្តល់ឱ្យប្រទេសនានានូវការបន្ធូរបន្ថយ ៣សប្តាហ៍បន្ថែមទៀត។
លោក Scott Bessen រដ្ឋមន្រ្តីក្រសួងរតនាគាអាមេរិក បានប្រាប់សារព័ត៌មាន CNN នៅថ្ងៃអាទិត្យដដែលនោះថា សេចក្ដីប្រកាសធំៗមួយចំនួននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាចនឹងកើតមាននៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយបញ្ជាក់ថា សហភាពអឺរ៉ុបបានបង្កើតវឌ្ឍនភាពយ៉ាងល្អនៅក្នុងកិច្ចពិភាក្សា។
ប្រមុខរតនាគាររូបនេះបន្ថែមថា លោក Trump នឹងចេញលិខិតទៅកាន់ប្រទេសតូចៗចំនួន១០០ ដែលអាមេរិក មិនសូវធ្វើពាណិជ្ជកម្មជាមួយ ដោយជូនដំណឹងដល់ប្រជាជាតិទាំងនោះថាពួកគេអាចនឹងប្រឈមអត្រាពន្ធកាន់តែខ្ពស់ដែលបានដាក់ជាលើកដំបូងនៅថ្ងៃទី០២ ខែមេសា ខណៈប្រទេសមួយចំនួនកំពុងអូសបន្លាយពេលលើការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន៕


