រដ្ឋសភាអនុម័តទទួលយកសំណើតំណាងរាស្រ្តហត្ថលេខី១២៥រូប ស្មើនឹង ១០០% ស្នើ​សុំ​ធ្វើ​វិសោធន​កម្ម​មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះ​ពលរដ្ឋ​ក្បត់​ជាតិ និងក្បត់ពលរដ្ឋខ្លួន

2025/07/07 06:30:18 pm        174

នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័ត​ទទួល​យក​សំណើរបស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃ​តំណាង​រាស្រ្ត​សរុបមកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបាន​ស្នើ​សុំ​រដ្ឋសភា​ធ្វើ​វិសោធន​កម្ម​មាត្រា​៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវ​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​ក្រប​ខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ឬការ​ធ្វើ​សកម្មភាព​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផល​ប្រយោជន៍​នៃ​ព្រះរា​ជា​​ណា​ចក្រ​កម្ពុជា និង​ប្រជា​ពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស មកពិនិត្យសិក្សា។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ច​នេះ​ជូន​គណៈកម្ម​ការជំនាញ​គឺ​គណៈក​ម្មកា​រ​នីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាហើយ​ធ្វើរបាយ​ការណ៍​ជូន​គណៈ​កម្មាធិ​ការ​អចិន្រ្តៃយ៍​រដ្ឋសភាវិញ។ តាមគម្រោង គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ពិនិត្យ​លទ្ធផល​នៃការ​ពិ​និត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី៨ ខែកក្កដា ស្អែកនេះ ហើយ​សំណើ​សុំ​ធ្វើ​វិសោធ​ន​កម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់តំណាង​រាស្រ្ត​ហត្ថ​លេខី​ទំាង១២៥​រូប នេះនឹងដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤  នីតិកាលទី៧ ពិភាក្សា និង​អនុម័ត​នៅ​ព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ការ​ធ្វើ​វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានា​ការពារ និង​លើក​កម្ពស់​ផល​ប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងប្រឆំាងរាល់​សកម្ម​ភាព​ក្បត់​ជាតិ​ដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេសហើយមកបំផ្លាញជាតិ និង​បំផ្លាញ​ពលរដ្ឋ​ខ្លួន​ឯង។

យោងតាមមាត្រា៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជា​ពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះ​ដោយ​ផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​និងប្រជាពលរដ្ឋខ្មែរឡើយ។ ជាមួយគ្នានេះ មាត្រានេះក៏បញ្ជាក់យ៉ាងច្បាស់ដែរថា ប្រជាព​ល​រដ្ឋ​ខ្មែរ​គ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ផ្អែក​តាម​ស្មារ​តី​នេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្ម​ភាព​ណាមួ​យ​ដែល​បំផ្លាញ​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ និងប្រជាជនកម្ពុជា ពិសេស ការឃុបឃិតគ្នាជាមួយបរទេស ដើម្បី​ធ្វើ​សកម្ម​ភាព​ទាំង​នេះ គឺជាការប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ព្រមទាំងប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។

ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាល​ពី​សម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរា​ជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ទន្ទឹមនេះ នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០នៅលើ ពិភពលោក ទំាងនៅអាស៊ី និង​អឺរ៉ុប​(មាន​២៨​ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ព្រោះប្រទេស​ទាំង​នេះ​ជា​បិតា​ប្រជាធិ​បតេយ្យ)​។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមាន ដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែ​មាន​ច្បាប់​កំណត់​អំពី​ការ​ដក​សញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើ​ឱ្យប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ផល​ប្រយោជន៍​របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។

ការធ្វើវិសោធន​កម្ម​មាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាង​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពីខា​ង​ក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និង​អំពើ​ឃុប​ឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដី​សុខ​សាន្ត​របស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានទួលថ្វាយ​ព្រះករុណា​ជា​អម្ចា​ស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថា សេចក្ដីស្នើសុំ​ធ្វើ​វិសោធន​កម្ម​មាត្រា​៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ មិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេ​រី​ពហុ​បក្ស និងរបបរាជានិយមឡើយ។ សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណា​ចក្រកម្ពុជានេះ អាចធ្វើទៅបាន៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        17
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm