ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអាទិត្យ បានពិនិត្យមើលការតាំងពិព័រណ៍យុទ្ធោបករណ៍យោធានៅទីក្រុងមូស្គូ ដែលរៀបចំដោយចលនានយោបាយរណសិរ្សប្រជាជនរុស្ស៊ី។ លោក Putin បានសំឡឹងមើលប្រភេទយុទ្ធោបករណ៍ផ្សេងៗ ដែលរុស្ស៊ីប្រើប្រាស់ក្នុងសង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែន រួមទាំងយានដ្រូននិងយានយន្ត ដែលត្រូវបានប្រើប្រាស់ដើម្បីជម្លៀសទាហានរងរបួស។

លោក Putin និយាយថា ថវិកា៦៩១លានដុល្លារអាមេរិក ត្រូវបានផ្តល់មូលនិធិដោយចលនានយោបាយរណសិរ្សប្រជាជនរុស្ស៊ី ដើម្បីគាំទ្រដល់កងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែន។

រុស្ស៊ី បានបង្កើនការវាយប្រហារតាមអាកាសលើក្រុងគីវ និងទីក្រុងដទៃទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កងកម្លាំងរបស់ទីក្រុងមូស្គូ បានបើកការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុតនៃសង្គ្រាមរយៈពេល៤០ខែមកនេះលើរដ្ឋធានីអ៊ុយក្រែន ប៉ុន្មានម៉ោងបន្ទាប់ពីការសន្ទនារបស់លោក Trump ជាមួយលោក Putin។
កាលពីថ្ងៃអាទិត្យ ទី៦ កក្កដា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយ ថា លោកមានការសន្ទនាតាមទូរស័ព្ទល្អប្រសើរជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។ លោក Trump និយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការសន្ទនាតាមទូរស័ព្ទដែលលោកបានធ្វើឡើងជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ លោក Zelenskiy បាននិយាយថា ការសន្ទនាចុងក្រោយរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺល្អបំផុត និង «ប្រកបដោយផ្លែផ្កា»។