នៅពេលដែលសីតុណ្ហភាពពិភពលោកបន្តកើនឡើងឥតឈប់ឈរ ពេលនេះទីក្រុងនានានៅទ្វីបអឺរ៉ុប កំពុងជួបប្រទះនឹងកម្ដៅកាន់តែខ្លាំងក្លាក្នុងរយៈពេលកាន់តែយូរជាងរដូវក្តៅធម្មតា។ ការសិក្សាថ្មីមួយដោយក្រុមភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា (Climate Resilience for All) បានអះអាងថា ទីក្រុងមួយចំនួននៅអឺរ៉ុប ឥឡូវនេះកំពុងស៊ូទ្រាំនឹងសីតុណ្ហភាពខ្ពស់ខ្លាំងរហូតដល់ ៥ខែក្នុងមួយឆ្នាំ។

ការវិភាគ ដែលដឹកនាំដោយក្រុមឧតុនិយមរបស់អង្គការក្រៅរដ្ឋាភិបាល បានពិនិត្យទិន្នន័យសីតុណ្ហភាពពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ នៅក្រុងចំនួន៨៥ នៅទូទាំងសកលលោក ដោយផ្តោតលើថ្ងៃដំបូង និងថ្ងៃចុងក្រោយ ដែលក្រុងនីមួយៗឡើងកម្ដៅដល់ ៣២អង្សាសេ ដែលជាកម្រិតបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងបរិស្ថាន។
ក្រុមស្រាវជ្រាវបានរកឃើញថា "រដូវកាលកម្ដៅ" តាមទម្លាប់ លែងឈរទ្រឹងនៅពីរបីខែដូចដែលពិភពលោកធ្លាប់ទទួលស្គាល់ទៀតហើយ ហើយឥឡូវនេះមានរយៈពេលកាន់តែយូរ។ ក្រុមនេះនិយាយថា ជាមធ្យម រដូវកម្ដៅខ្លាំងមានរយៈពេល ២១៤ថ្ងៃ ឬប្រមាណជាង ៧ខែ នៅទីក្រុងនានាដែលបានវិភាគ។
នៅទ្វីបអឺរ៉ុប រដូវក្ដៅឥឡូវនេះលាតសន្ធឹងហួសពីអ្វីដែលធ្លាប់ចាត់ទុកថាជារដូវក្តៅធម្មតា។ ការសិក្សានេះបាននិយាយថា ក្រុងអឺរ៉ុបជាច្រើន ដូចជាទីក្រុងអាតែន របស់ក្រិក ឥឡូវនេះប្រឈមនឹងរដូវកាលកម្ដៅដ៏វែងបំផុតមួយនៅលើទ្វីប ដោយសីតុណ្ហភាពខ្ពស់មានរយៈពេលប្រហែល ១៤៥ថ្ងៃ ពោលគឺជិត ៥ខែ ចាប់ពីពាក់កណ្តាលខែឧសភា ដល់ដើមខែតុលា រៀងរាល់ឆ្នាំ៕

