រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារគ្នាទៅវិញទៅមក ជាមួយនឹងយានដ្រូនរាប់រយគ្រឿង កាលពីថ្ងៃអាទិត្យ (០៦ កក្កដា) ដោយបង្កភាពច្របូកច្របល់លើការធ្វើដំណើរតាមផ្លូវអាកាសរបស់រុស្ស៊ី ភ្លាមៗបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសកិច្ចព្រមព្រៀងជាមួយដៃគូលោកខាងលិច ដែលនឹងអនុញ្ញាតឱ្យទីក្រុងគីវ បង្កើនការផលិតយានដ្រូន។

លោក Zelenskiy បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប និងក្រុមហ៊ុនការពារជាតិឈានមុខគេរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញការផលិតយានដ្រូន ដោយធានាថាទីក្រុងគីវអាចទទួលបានដ្រូន "រាប់រយរាប់ពាន់គ្រឿង" បន្ថែមនៅឆ្នាំនេះ។

លោក Zelenskiy មិនបានបញ្ចេញឈ្មោះអាជីវកម្មរបស់អាមេរិក នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់លោកទៅកាន់ប្រជាជនអ៊ុយក្រែនទេ ប៉ុន្តែបាននិយាយថា អ៊ុយក្រែន និងដាណឺម៉ាក ក៏បានយល់ព្រមក្នុងការសហការផលិតយានដ្រូន និងសព្វាវុធផ្សេងទៀតនៅលើទឹកដីដាណឺម៉ាកផងដែរ។

ការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែនរូបនេះ បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិក ផ្អាកការដឹកជញ្ជូនជំនួយយោធាមួយចំនួនទៅកាន់អ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាសសំខាន់ៗ ហើយអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគីវ កំពុងពិចារណារិះរកវិធីសាស្រ្តដែលពួកគេអាចជួយសម្ព័ន្ធមិត្តអ៊ុយក្រែនរបស់ខ្លួន ដែលកំពុងរងការវាយប្រហារយ៉ាងសន្ធាប់ឥតឈប់ឈរពីរុស្ស៊ី៕