ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy លើកឡើងថា ប្រតិបត្តិការរយៈចម្ងាយឆ្ងាយរបស់ប្រទេសអ៊ុយក្រែន កំពុងជួយនាំឲ្យសង្រ្គាមកាន់តែខិតជិតដល់ទីបញ្ចប់។
លោក Zelenskyy បាននិយាយថា លោកបានទទួលរបាយការណ៍មួយពីអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Syrskyi អំពីស្ថានភាពនៅជួរមុខ ដោយការវាយលុកខ្លាំងបំផុត បានកើតឡើងនៅទិសដៅ ក្នុងតំបន់ Pokrovsk ហើយការប្រយុទ្ធគ្នាក៏បន្តមាននៅផ្នែកផ្សេងទៀតនៃទីក្រុង Donetsk ព្រមទាំងនៅតំបន់ Sumy និង Kharkiv ផងដែរ។

ជាមួយគ្នានេះ លោកប្រធានាធិបតីរូបនេះបានកត់សម្គាល់ដាច់ដោយឡែកនូវប្រតិបត្តិការរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនដែលមានគោលដៅចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី។ លោកបានប្រាប់ថា៖ «មានការការពារប្រឆាំងនឹងការវាយប្រហារចម្ងាយឆ្ងាយរបស់រុស្ស៊ី និងប្រតិបត្តិការរយៈចម្ងាយឆ្ងាយរបស់យើងផ្ទាល់។ ខ្ញុំពិតជាដឹងគុណ ចំពោះទាហានអ៊ុយក្រែនគ្រប់រូប សម្រាប់ភាពច្បាស់លាស់ត្រឹមត្រូវ និងសមត្ថភាពរបស់ពួកគេ ក្នុងការចូលទៅដល់ សូម្បីតែនៅតំបន់ឆ្ងាយៗរបស់រុស្ស៊ី»។
សរុបមក Zelenskyy បានបន្ថែមថា ការងាររួមគ្នារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន សេវាសន្តិសុខអ៊ុយក្រែន (SBU) និងទីភ្នាក់ងាចារកម្ម ពោលគឺកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលលើកកម្ពស់សមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ជួយនាំឲ្យសង្រ្គាមនេះកាន់តែខិតទៅជិតទីបញ្ចប់។
គួរបញ្ជាក់ថា អ៊ុយក្រែនបានវាយប្រហារលើគោលដៅយោធារុស្ស៊ីម្តងហើយម្តងទៀត ក្នុងនោះរួមទាំងទីតាំងចូលទៅជ្រៅដែលនៅឆ្ងាយពីជួរមុខរបស់គូអរិផងដែរ។ ជាក់ស្ដែង កាលពីយប់ថ្ងៃទី៥ ខែកក្កដា កងកម្លាំងការពារជាតិរបស់អ៊ុយក្រែន បានវាយប្រហារអាកាសយានដ្ឋាន Borisoglebsk ក្នុងតំបន់ Voronezh របស់រុស្ស៊ី។ មូលដ្ឋាននេះផ្ទុកយន្តហោះរបស់គូអរិ ដូចជាប្រភេទ Su-34, Su-35S, និង Su-30SM៕
