មនុស្សម្នាក់ បានស្លាប់ ពេលដែលដើមឈើបាក់រលំកិននៅជិតទីក្រុង Milan ប្រទេសអ៊ីតាលី ក្រោយព្យុះដ៏ខ្លាំងក្លា វាយប្រហារទីក្រុងភាគខាងជើងប្រទេសអ៊ីតាលីមួយនេះ រយៈពេលច្រើនថ្ងៃនៃរលកកម្តៅ ។
ស្រ្តីវ័យ ៦៣ឆ្នាំម្នាក់ បានស្លាប់នៅទីក្រុង Robecchetto con Induno ស្ថិតនៅភាគខាងលិចទីក្រុង Milan ពេលគាត់វិលត្រឡប់ពីការដើរហាត់ប្រាណវិញជាមួយមនុស្ស ២នាក់ផ្សេងទៀត ដែលបានរងរបួសនៅក្នុងឧបទ្ទេវហេតុមួយនេះ ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និយាយថា ឧបទ្ទេវហេតុស្រដៀងគ្នាប្រហែល ៥០ករណី បានកើតមានឡើង រួមទាំងការជន់លិច និងហេតុការណ៍បាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ។
ទីភ្នាក់ងារព័ត៌មានអ៊ីតាលី Ansa រាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគខាងកើត Veneto ជាទីដែលស្ថានភាពព្យុះកើតមាននៅទីក្រុង Belluno និងទីក្រុង Vicenza ក៏ដូចជាតំបន់ខ្លះទៀតនៅទីក្រុង Tuscany ជាទីដែលដើមឈើបាក់ ត្រូវបានគេរាយការណ៍ផងដែរ ។
ស្របពេលដែលភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងវាយប្រហារតំបន់ភាគខាងជើងអ៊ីតាលី សីតុណ្ហភាពនៅតែបន្តខ្ពស់ដដែលនៅតំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រួមទាំងនៅទីក្រុងរ៉ូមផងដែរ ។
សូមបញ្ជាក់ថា តំបន់ភាគច្រើននៅអឺរ៉ុប រងការវាយប្រហារដោយរលកកម្តៅរដូវក្តៅ ដែលក្រុមមន្រ្តី និយាយថា បានសម្លាប់មនុស្ស ៨នាក់ ៕
