ប្រទេសប៉ូឡូញបានណែនាំនូវការគ្រប់គ្រងបណ្តោះអាសន្ននៅតាមព្រំដែនរបស់ខ្លួន ជាមួយប្រទេសអាល្លឺម៉ង់ និងលីទុយអានី នៅថ្ងៃចន្ទ (ទី៧ ខែកក្កដា) នេះ ជាអ្វីដែលរដ្ឋាភិបាលបានផ្ដល់ហេតុផលថា ជាជំហានមួយ ដើម្បីត្រួតពិនិត្យជនអន្តោប្រវេសន៍ឲ្យបានហ្មត់ចត់បន្ថែមទៀត ក្នុងពេលមានក្ដីបារម្ភជាសាធារណៈអំពីអន្តោប្រវេសន៍។
ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីមានការអនុវត្តវិធានការព្រំដែនស្រដៀងគ្នា ក្នុងរយៈពេល ១ឆ្នាំកន្លះរបស់ប្រទេសហូឡង់ បែលហ្ស៊ិក និងអាល្លឺម៉ង់ ដែលបានមានបញ្ហានៅតំបន់ធ្វើដំណើរដោយមិនមានលិខិតឆ្លងដែន គឺ Schengen។
នៅប្រទេសប៉ូឡូញ ការជជែកដេញដោល ជុំវិញបញ្ហាអន្តោប្រវេសន៍ បានឡើងកម្ដៅកាន់តែក្តៅគគុក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយក្រុមសកម្មជនស្តាំនិយមជ្រុល បានចាប់ផ្តើម «ការល្បាតរបស់ប្រជាពលរដ្ឋ» នៅតាមព្រំដែនភាគខាងលិច។
អាល្លឺម៉ង់បានត្រួតពិនិត្យព្រំដែនរបស់ខ្លួនជាមួយប៉ូឡូញ តាំងពីឆ្នាំ២០២៣ ប៉ុន្តែនៅឆ្នាំនេះ បានផ្លាស់ប្តូរទៅរកវិធីសាស្រ្តកាន់តែតឹងរ៉ឹងជាងមុន ដែលមើលឃើញថា ប្រទេសនេះបដិសេធជនអន្តោប្រវេសន៍ខុសច្បាប់ ក៏ដូចជាការបញ្ជូនពួកគេត្រលប់ទៅប៉ូឡូញវិញក្រោមច្បាប់របស់សហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងទ្វេភាគី។
ទីក្រុងវ៉ាសូវី ប្រាប់ថា ខ្លួនទទួលបន្ទុកបន្ថែមមិនយុត្តិធម៌ ហើយក៏លើកឡើងផងដែរថា ជនអន្តោប្រវេសន៍ នៅក្នុងប្រទេសបេឡារុស កំពុងព្យាយាមចូលទៅក្នុងសហភាពអឺរ៉ុបតាមរយៈប្រទេសឡាតវី និងលីទុយអានីដោយសារតែការការពារព្រំដែនរបស់ពួកគេខ្សោយ៕