អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ (០៧ កក្កដា) បានលើកឡើងថា ក្រុម BRICS ផ្តោតលើការបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយមិនកំណត់គោលដៅលើប្រទេសណាមួយឡើយ ក្នុងការឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយអំពីការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដាក់ពន្ធបន្ថែម ១០% លើប្រទេស BRICS សម្រាប់អ្វីដែលលោកអះអាងថាជា "គោលនយោបាយប្រឆាំងអាមេរិក"។

នៅពេលត្រូវសាកសួរសុំការអត្ថាធិប្បាយលើការអះអាង និងការគំរាមកំហែងរបស់លោក Trump ក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា យន្តការ BRICS គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមទីផ្សារកំពុងរីកចម្រើន។

ទាក់ទងនឹងការដាក់ពន្ធ លោកស្រី Mao បាននិយាយថា ចិនបញ្ជាក់ពីជំហររបស់ខ្លួនម្តងហើយម្តងទៀតថា ពុំមានអ្នកឈ្នះក្នុងសង្គ្រាមជម្លោះពាណិជ្ជកម្ម និងសង្គ្រាមពន្ធឡើយ ហើយថា លទ្ធិគាំពារនិយមមិនអាចដើរបានឆ្ងាយនោះទេ។ លោកស្រីបន្ថែមថា ចិនតែងប្រឆាំងនឹងសង្គ្រាមពន្ធ និងសង្គ្រាមពាណិជ្ជកម្មជានិច្ច ហើយក៏ជំទាស់នឹងការប្រើពន្ធជាឧបករណ៍បង្ខិតបង្ខំ និងសម្ពាធ ខណៈការដាក់ពន្ធតាមអំពើចិត្តមិនស្ថិតក្នុងផលប្រយោជន៍របស់ភាគីណាមួយនោះទេ។

លោក Zhou Mi អ្នកស្រាវជ្រាវជាន់ខ្ពស់នៅបណ្ឌិតសភាពាណិជ្ជកម្មអន្តរជាតិ និងសហប្រតិបត្តិការសេដ្ឋកិច្ចចិន បានលើកឡើងថា ការគំរាមពន្ធចុងក្រោយបំផុតរបស់អាមេរិក បានបង្ហាញពីការបន្តពឹងផ្អែករបស់ខ្លួនលើការជឿជាក់ថា ពន្ធគយគឺជាឧបករណ៍ដ៏មានឥទ្ធិពល ប៉ុន្តែនោះវិធីសាស្រ្តមួយដែលត្រូវរិះគន់យ៉ាងទូលំទូលាយក្នុងការបង្អាក់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិភពលោក៕