នគរបាលកេនយ៉ា បានបើកការបាញ់ប្រហារដើម្បីបំបែកហ្វូងបាតុករក្នុងទីក្រុងណៃរ៉ូប៊ី ដែលកំពុងប្រារព្ធខួបលើកទី៣៥ នៃការប្រមូលផ្តុំគ្នាគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទ (០៧ កក្កដា) ហើយនគរបាលនិយាយថា មនុស្សយ៉ាងតិច ១១នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេស ក្នុងការតវ៉ាយ៉ាងហិង្សាប្រឆាំងរដ្ឋាភិបាលចុងក្រោយបង្អស់ ដែលបញ្ចប់ដោយការបង្ហូរឈាម។

ការស្លាប់របស់អ្នកសរសេរប្លុកឈ្មោះ Albert Ojwang នៅក្នុងការឃុំឃាំងរបស់នគរបាលកេនយ៉ាកាលពីខែមុន បានផ្តល់កម្លាំងចិត្តដល់បាតុកម្មជាថ្មី ដោយបានបញ្ឆេះកំហឹងប្រឆាំងនឹងអាជ្ញាធរ និងនាំមនុស្សរាប់រយនាក់សម្រុកដើរតាមផ្លូវ។ អ្នកយកព័ត៌មានរ៉យទ័រ បានមើលឃើញនគរបាលបាញ់រះលើក្រុមបាតុករនៅតំបន់ Kangemi ជាយក្រុងណៃរ៉ូប៊ី ដោយក្រោយមក បុរសម្នាក់ដេកដួលលើផ្លូវមិនកម្រើកដោយមានរបួសហូរឈាម។
នគរបាលកេនយ៉ានិយាយថា មនុស្ស ១១នាក់បានស្លាប់ ខណៈមន្ត្រី ៥២នាក់រងរបួស ប៉ុន្តែមិនបញ្ជាក់ឡើយថានរណាខ្លះជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់នោះ។ នគរបាលបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកកាលពីថ្ងៃចន្ទ ដើម្បីបំបែកហ្វូងបាតុកររាប់រយនាក់ ដែលកំពុងដើរតាមដងផ្លូវតភ្ជាប់តំបន់ Kangemi ទៅកាន់ក្រុងណៃរ៉ូប៊ី។
ប៉ុន្មានម៉ោងក្រោយមក ក្រុមបាតុករ និងនគរបាលបានប៉ះទង្គិចគ្នាយ៉ាងហិង្សា ដោយបានការបាញ់ប្រហារជាមួយនឹងការគប់វត្ថុដាក់គ្នា និងការរុញច្រានទៅមក។ គួរឱ្យដឹងថា ក្រុមសកម្មជនកេនយ៉ាតែងប្រមូលផ្តុំគ្នារៀងរាល់ថ្ងៃទី០៧ កក្កដា ដើម្បីប្រារព្ធខួបនៃការប្រមូលផ្តុំគ្នាគាំទ្រលទ្ធិប្រជាធិបតេយ្យ៕

