វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីត្រូវការចំណាយពេល ដើម្បីបញ្ជាក់ផ្ទៀងផ្ទាត់អាវុធអ្វីខ្លះដែលសហរដ្ឋអាមេរិកកំពុងផ្គត់ផ្គង់ ហើយនិងត្រូវផ្គត់ផ្គង់ដល់អ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតី Donald Trump និយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនអាវុធបន្ថែមទៀតដល់ទីក្រុងគីវ ។
លោក Trump និយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធបន្ថែមទៀតដល់អ៊ុយក្រែន ដំបូងគឺជាអាវុធការពារ ដើម្បីជួយប្រទេសហែកហួរដោយសារសង្រ្គាមមួយនេះ ការពារខ្លួនប្រឆាំងនឹងការបង្កើនរុលចូលរបស់រុស្ស៊ី ។

ពេលសួរពីសេចក្តីអត្ថាធិប្បាយរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា មាននូវសេចក្តីថ្លែងការណ៍ផ្ទុយគ្នាជាច្រើនពីការផ្គត់ផ្គង់អាវុធសហរដ្ឋអាមេរិកដល់អ៊ុយក្រែន បើទោះបីជាគេដឹងច្បាស់ថា ការចែកចាយអាវុធអឺរ៉ុប កំពុងបន្តក៏ដោយ ។
រុស្ស៊ីដែលបានរុលចូលតាមចំណុចជាច្រើននៅខ្សែត្រៀមមុខ បច្ចុប្បន្នគ្រប់គ្រងទឹកដីត្រឹមតែ ១ភាគ ៥ប៉ុណ្ណោះរបស់អ៊ុយក្រែន រួមទាំងតំបន់ Crimea និងតំបន់ Luhansk ទាំងមូល ។
លោក Peskov និយាយថា ទីក្រុងម៉ូស្គូ ស្ងើចសរសើរកិច្ចខិតខំរបស់លោក Trump ចុងផ្តើមឲ្យមានកិច្ចចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយនិងមានសក្តានុពលដុំកំភួនសម្រាប់ការចាប់ផ្តើមឡើងវិញពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចរុស្ស៊ី-សហរដ្ឋអាមេរិក ។
លោកបន្តថា ប៉ុន្តែនៅពេលនេះ សហរដ្ឋអាមេរិកអនុវត្តការរឹតបន្តឹងច្រើនពេក ។ ពួកយើងមានជំនឿថា ទណ្ឌកម្មទាំងអស់នេះ ខុសច្បាប់ ហើយវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សហគ្រិនរបស់ពួកយើងប៉ុណ្ណោះទេ ប៉ុន្តែសហគ្រិនរបស់សហរដ្ឋអាមេរិកផងដែរ ៕
