ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារ (ទី៨ ខែកក្កដា) នេះ បានឲ្យដឹងថា នាយកសាលាមត្តេយ្យម្នាក់ ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីកុមារជាង ២០០នាក់ នៅភាគពាយព្យនៃប្រទេសចិន បានធ្លាក់ខ្លួនឈឺដោយសារការពុលជាតិសំណពីនំខេក និងអាហារសម្រន់។
បើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា អ្នកស៊ើបអង្កេតបានរកឃើញជាតិសំណកម្រិត «ខ្ពស់លើសពីធម្មតា» ក្នុងឈាមរបស់កុមារ ២៣៣នាក់ នៅសាលាមត្តេយ្យ Peixin ក្នុងទីក្រុង Tianshui។ ក្នុងចំណោមកុមាររងគ្រោះទាំងនោះ មានចំនួន ២០១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រឿងអាស្រូវសុវត្ថិភាពចំណីអាហារ ធ្លាប់កើតមានញឹកញាប់ នៅក្នុងប្រទេសចិន ជាទីដែលទឹកដោះគោមានជាតិគីមី បានធ្វើឲ្យទារករាប់សែននាក់ឈឺ ក្នុងឆ្នាំ២០០៨ ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ ៦ករណី។
អាជ្ញាធរក្រុងបានស៊ើបអង្កេតនាយកសាលាមត្តេយ្យ កាលពីសប្តាហ៍មុន បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានកុមារធ្លាក់ខ្លួនឈឺ។ ឪពុកម្តាយរបស់ក្មេងម្នាក់ បានប្រាប់សារព័ត៌មាន Jimu News ដែលគ្រប់គ្រងដោយរដ្ឋកាលពីសប្តាហ៍មុនថា កុមារបានកើតមានអាការឈឺពោះ និងចង្អោរ ហើយធ្មេញរបស់កុមារខ្លះប្រែពណ៌ទៅជាខ្មៅ។
ការធ្វើតេស្តបានបង្ហាញថា គំរូនំខេក ៣ពណ៌ និងអាហារសម្រន់ មានផ្ទុកសារធាតុប៉ះពាល់សុខភាពច្រើនជាង ២.០០០ដងនៃស្តង់ដារសុវត្ថិភាពជាតិ៕