នៅថ្ងៃអង្គារ (ទី៨ ខែកក្កដា) នេះ អាជ្ញាធរអេស្ប៉ាញបានបញ្ជាឲ្យអ្នកស្រុកជាង ១៨.០០០នាក់ នៅភាគឦសាននៃខេត្ត Tarragona ឲ្យស្នាក់តែនៅក្នុងផ្ទះ ហើយមនុស្សរាប់សិបនាក់ត្រូវបានជម្លៀសចេញ ខណៈដែលចំហេះព្រៃរាលដាលមិនអាចគ្រប់គ្រងបាន ដោយបានឆាបឆេះផ្ទៃដីដាំបន្លែជិត ៣.០០០ហិកតា។
គួរបញ្ជាក់ថា តំបន់ជាច្រើនរបស់អេស្ប៉ាញ ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយសារចំហេះព្រៃ បន្ទាប់ពីប្រទេសនេះបានជួបប្រទះនឹងអាកាសធាតុក្តៅបំផុតជាកំណត់ត្រា ក្នុងខែមិថុនា។ មនុស្ស ២នាក់ បានបាត់បង់ជីវិត អំឡុងចំហេះព្រៃកាលពីថ្ងៃទី១ ខែកក្កដា ក្នុងតំបន់ Catalonia ជាទីដែលខេត្ត Tarragona ស្ថិតនៅ។
អាជ្ញាធរបានប្រាប់ថា អគ្គិភ័យចុងក្រោយបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ នៅតំបន់ដាច់ស្រយាលមួយក្បែរភូមិ Pauls ជាកន្លែងដែលខ្យល់បក់ខ្លាំង និងសណ្ឋានដីរដិបរដុបបានរារាំងដល់កិច្ចប្រឹងប្រែងពន្លត់អណ្ដាតភ្លើង។ អង្គភាពយោធាសង្គ្រោះបន្ទាន់មួយត្រូវបានដាក់ពង្រាយនៅព្រឹកថ្ងៃអង្គារនេះ ដោយមានអ្នកពន្លត់អគ្គិភ័យជាង ៣០០នាក់កំពុងធ្វើការនៅតំបន់នោះ៕