ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ចេញនូវការគំរាមកំហែងរបស់លោកជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ (០៨ កក្កដា) ថា ក្នុងរយៈពេល "ឆាប់ៗនេះ" សហរដ្ឋអាមេរិក នឹងគិតពន្ធ ១០% បន្ថែមពីលើការនាំចូលពីបណ្តាប្រទេស BRICS ដោយទាក់ទាញការត្អូញត្អែរមួយផ្សេងទៀតពីលោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ដែលទើបតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ប្លុកនេះ។
លោក Trump ដែលបានបង្កើនការគំរាមកំហែងពន្ធម្ដងរួចមកហើយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ (០៨ កក្កដា) នៅឯសេតវិមានថា ពន្ធនេះកាន់តែកៀកហើយ។ លោកលើកឡើងថា "នរណាម្នាក់នៅប្លុក BRICS នឹងរងពន្ធ ១០% ឆាប់ៗនេះ ប្រសិនបើពួកគេជាសមាជិក BRICS ពួកគេនឹងត្រូវបង់ពន្ធ ១០% ហើយពួកគេនឹងមិននៅជាសមាជិកប្លុកនេះយូរនោះទេ"។
គួរឱ្យដឹងថា ក្រុម BRICS បានពង្រីកកាលពីឆ្នាំមុន លើសពីប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដោយរួមបញ្ចូលសមាជិកច្រើនទៀតដូចជាអ៊ីរ៉ង់ និងឥណ្ឌូនេស៊ី។ បណ្ដាមេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលកាលពីចុងសប្ដាហ៍នៅប្រេស៊ីល បានសម្តែងការរិះគន់ដោយប្រយោលចំពោះគោលនយោបាយយោធា និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
នៅពេលត្រូវសាកសួរពីការគំរាមកំហែងពន្ធរបស់លោក Trump លោកប្រធានាធិបតីបប្រេស៊ីល Lula បានប្រាប់អ្នកកាសែតនៅជំនួបកំពូល BRICS កាលពីនាថ្ងៃចន្ទថា ពិភពលោកមិនចង់បានអធិរាជនោះទេ។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi លោក Lula កាលពីថ្ងៃអង្គារ បានសម្តែងការមិនយល់ស្របបន្ថែមទៀត "ជាមួយនឹងប្រធានាធិបតីអាមេរិក ដែលនិយាយបញ្ឆិតបញ្ឆៀងរឿងដាក់ពន្ធលើប្រទេស BRICS នេះ"៕