អង្គភាពឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុប Copernicus បាននិយាយកាលពីថ្ងៃពុធ (០៩ កក្កដា) ថា អឺរ៉ុបខាងលិច បានជួបប្រទះកម្ដៅដ៏ក្ដៅគគុកមិនធ្លាប់មានពេញមួយខែមិថុនា ក្នុងឆ្នាំនេះ ដែលក្តៅបំផុតក្នុងកំណត់ត្រាខែមិថុនា ខណៈសីតុណ្ហភាព "ធ្ងន់ធ្ងរ" បានដាក់ទណ្ឌកម្មតំបន់នេះពីរលកកម្ដៅយ៉ាងគ្រោះថ្នាក់មិនឈប់ឈរ។
នៅទូទាំងពិភពលោក កាលពីខែមិថុនាកន្លងទៅនេះ គឺជាសីតុណ្ហភាពក្តៅបំផុតទីបី៣ ក្នុងកំណត់ត្រា ដោយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះភពផែនដីបន្តឡើងកម្ដៅកាន់តែខ្លាំង ព្រោះតែការបំភាយឧស្ម័នផ្ទះកញ្ចក់របស់មនុស្សជាតិ។ សេវាបម្រែបម្រួលអាកាសធាតុ Copernicus ឬហៅថា C3S បាននិយាយថា ខែមិថុនាក្ដៅបំផុតទីមួយគឺនៅឆ្នាំ២០២៤ ហើយក្តៅបំផុតទីពីរគឺនៅខែមិថុនាឆ្នាំ២០២៣។
កម្ដៅដ៏កំណាចកើតឡើងជាពិសេសនៅក្នុងទ្វីបអឺរ៉ុប ដែលកម្ដៅឡើងលឿនជាងមធ្យមភាគសកលជាច្រើនដង។ មនុស្សរាប់លាននាក់រងផលប៉ះពាល់នឹងភាពតានតឹងកម្ដៅខ្ពស់នៅទូទាំងផ្នែកនៃទ្វីបនេះ ដោយសារសីតុណ្ហភាពជាមធ្យមប្រចាំថ្ងៃនៅអឺរ៉ុបខាងលិច បានកើនឡើងដល់កម្រិតដែលកម្រឃើញពីមុនមក ហើយមិនដែលកើតឡើងលឿនខ្លាំងនៅដើមរដូវក្តៅបែបនេះទេ។
Copernicus និយាយថា ប្រទេសជាច្រើនបានកត់ត្រាសីតុណ្ហភាពផ្ទៃបរិយាកាស ៤០អង្សាសេ ជាមួយនឹងកម្ដៅរហូតដល់ ៤៦អង្សាសេ នៅអេស្ប៉ាញ និងព័រទុយហ្គាល់។ លើសពីតំបន់អឺរ៉ុប កម្ដៅដ៏គ្រោះថ្នាក់ក៏បានគ្របដណ្តប់ផ្នែកខ្លះនៃសហរដ្ឋអាមេរិក ខណៈនៅប្រទេសចិន ស្ថានីយអាកាសធាតុចំនួន ១០២ បានកត់ត្រាថ្ងៃក្តៅបំផុតមិនធ្លាប់មានក្នុងខែមិថុនា ជាមួយនឹងសីតុណ្ហភាពមួយចំនួនលើសពី ៤០អង្សាសេ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៕