ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន បានបន្តមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមនី្ទរពេទ្យកុមារជាតិ ដើម្បីបង្កើនប្រព័ន្ធការពារក្នុងខ្លួនកាន់តែរឹងមាំជាងមុន និងការពារជំងឺកូវីដ-១៩ កាន់តែប្រសើរជាងមុន។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះថា សព្វថ្ងៃសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងមនី្ទរពេទ្យកុមារជាតិ នៅបន្តធ្វើជាប្រចាំ បើទោះបីឃើញថាស្ថានភាពនៃប្រជាជន ដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ដូស បានជាង៨០%ទូទាំងប្រទេស ប្រសិនបើក្រឡេកមើលក្នុងស្ថិតិទូទាំងប្រទេសបញ្ហាចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ បើតាមស្ថិតិក្នុងរាជធានីភ្នំពេញ បានចំនួនជាង ៧០% ប៉ុន្តែនៅតាមបណ្តាខេត្តនានា គឺមានខេត្តខ្លះនៅមានចំនួនតិចតួចនៅឡើយ គឺមាន១០% ២០% ៣០% ឬរហូតដល់៤០%ជាដើម។
បើយើងគិតទូទាំងប្រទេសតាមស្ថិតិក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន បង្ហាញថា បាន ចំនួន៣០%នោះទេ នៃចំនួនដូសជំរុញ ដែលយើងហៅថាដូសលើកទី៣។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានលើកឡើងស្រដៀងគ្នាថា យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេស គឺមានប្រសិទ្ធភាពល្អ អាចឲ្យប្រជាជនទូទៅ រួមទាំងកុមារមានសុវតិ្ថភាពពីជំងឺកូវីដ-១៩ ជាពិសេសកុមារតូចៗ គាត់អាចត្រៀមខ្លួន ក្នុងការចូលរៀននាបវេសនកាលថ្មីនេះ។
ជាចុងក្រោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប កុមារ យុវវ័យ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមអញ្ជើញមកចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីរួមគ្នាឲ្យប្រព័ន្ធការពារសហគមន៍របស់យើងបានរឹងមាំ។ ដូច្នេះយើងអាចការពារជំងឺកូវីដ១៩ ហើយក៏យើងអាចបន្តការរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី៕
អត្ថបទ រដ្ឋា






