អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ទោ Ahmed Sharif Chaudhry បាននិយាយកាលពីថ្ងៃពុធថា «មិនមានការព្រួយបារម្ភអ្វីឡើយ» នៅក្នុងមូលដ្ឋានយោធារបស់ប្រទេសប៉ាគីស្ថានដែលថា ប្រទេសនេះ អាចក្លាយជា «គោលដៅបន្ទាប់» សម្រាប់ការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីជម្លោះកាលពីខែមុនរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

កាលពីខែមិថុនា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារប្រឆាំងនឹងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតែលអាវីវ ( Tel Aviv) បានអះអាងថា ទីក្រុងតេអេរ៉ង់ ជិតនឹងបង្កើតអាវុធនុយក្លេអ៊ែរ ជាការចោទប្រកាន់ដែលអ៊ីរ៉ង់បានបដិសេធ។ ប៉ាគីស្ថានបានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកនៅពេលនោះ ដោយបានហៅការវាយប្រហារទាំងនោះថា ជាការបំពានច្បាប់អន្តរជាតិ។ ទីក្រុងអ៊ីស្លាម៉ាបាដ បានធានាម្តងហើយម្តងទៀតលើពិភពលោកថា អាវុធនុយក្លេអ៊ែរនិងទីតាំងរបស់ខ្លួនមានសុវត្ថិភាព និងមានគោលបំណងតែមួយគត់សម្រាប់ការការពារ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera លោក Chaudhry ត្រូវបានសួរថាតើមានការព្រួយបារម្ភដែលប៉ាគីស្ថានអាចត្រូវបានកំណត់គោលដៅដែរឬទេ បន្ទាប់ការវិវឌ្ឍថ្មីៗ នៅមជ្ឈិមបូព៌ា។
លោក Chaudhry បានឆ្លើយតបថា៖«ពុំមានអ្វីគួរបារម្ភអ្វីឡើយក្នុងវិស័យយោធាដែលថា ប៉ាគីស្ថានអាចក្លាយជាគោលដៅបន្ទាប់នោះទេ។
លោកបាននិយាយថា ប៉ាគីស្ថាន គឺជាមហាអំណាចនុយក្លេអ៊ែរ ដែលត្រូវបានបង្កើតឡើង និងបានប្រកាសដោយបន្ថែមថា ពិភពលោកមិនដែលប៉ុនប៉ងបង្ក «មហន្តរាយ» ប្រឆាំងនឹងរដ្ឋនុយក្លេអ៊ែរមួយនេះទេ។