បេសកជនអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកណ្តាលរបស់ប្រទេសស៊ីរី និងក្រុមឃើដ នៅតែមានភាពចម្រូងចម្រាសជុំវិញផែនការអំពីការដាក់បញ្ចូលកងកម្លាំងជាមួយគ្នា បន្ទាប់ពីកិច្ចចរចាជុំចុងក្រោយបង្អស់។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទួរគីលោក Tom Barrack ដែលជាបេសកជនពិសេសប្រចាំប្រទេសស៊ីរី បានថ្លែងប្រាប់សារព័ត៌មាន APបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងដាម៉ាស( Damascus)ថា ភាពខុសគ្នារវាងភាគីទាំងពីរ នៅតែមាន។ លោក Barrack បាននិយាយបន្ទាប់ពីជួបជាមួយលោក Mazloum Abdi ប្រធានកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយក្រុមឃើដ និងប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរីលោក Ahmad Al-Sharaa នៅរដ្ឋធានីស៊ីរី។

កាលដើមខែមីនា អាជ្ញាធរថ្មីនៅទីក្រុងដាម៉ាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងក្រុមឃើដ។
នៅក្រោមកិច្ចព្រមព្រៀងនោះ កងកម្លាំងប្រជាធិបតេយ្យស៊ីរី នឹងត្រូវបានបញ្ចូលគ្នា ជាមួយកងទ័ពជាតិថ្មី។ កិច្ចព្រមព្រៀងដែលត្រូវបានគេសន្មត់ថា នឹងត្រូវបានអនុវត្តនៅចុងឆ្នាំនេះ ក៏នឹងនាំឲ្យមានការបើកច្រកព្រំដែនទាំងអស់ ជាមួយប្រទេសអ៊ីរ៉ាក់ និងទួរគី ព្រលានយន្តហោះ និងតំបន់ប្រេង នៅភាគឦសាន ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាល។
មជ្ឈមណ្ឌលឃុំឃាំងដែលដាក់សមាជិកសង្ស័យរាប់ពាន់នាក់នៃក្រុមរដ្ឋឥស្លាមដេស( Daesh) ក៏នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលផងដែរ។