ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ (០៩ កក្កដា) ថា មនុស្សរាប់ពាន់នាក់បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺទាក់ទងនឹងកម្ដៅដ៏គ្រោះថ្នាក់នៅកូរ៉េខាងត្បូង ខណៈប្រទេសនេះបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតនៅដើមខែកក្កដា ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមមក។

ការព្រមានពីរលកកម្ដៅបានកើតមានឡើង ហើយរដ្ឋាភិបាលក្រុងសេអ៊ូលកាលពីថ្ងៃពុធ បាននិយាយថា សីតុណ្ហភាពខ្លាំងក្លាគឺជា “គ្រោះមហន្តរាយ” ដែលបង្កការគំរាមកំហែងដល់អាយុជីវិតមនុស្ស។ យោងតាមទិន្នន័យផ្លូវការចេញផ្សាយនៅពុធដដែលនេះ មនុស្សជាង ១.២០០នាក់ នៅកូរ៉េខាងត្បូង បានទទួលរងនូវជំងឺទាក់ទងនឹងកម្ដៅចាប់តាំងពីថ្ងៃទី១៥ ខែឧសភា មក ជាមួយនឹងការស្លាប់ចំនួន ៨នាក់ត្រូវបានរាយការណ៍។
ទិន្នន័យបានបង្ហាញថា តួលេខនេះមានការកើនឡើងយ៉ាងខ្លាំងពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ នៅពេលដែលមានករណីជំងឺចំនួន ៤៦៨នា ក់ និងការស្លាប់ ៣នាក់ ត្រូវបានកត់ត្រាទុក។ ទិន្នន័យបន្ថែមថា នៅថ្ងៃទី០៨ ខែកក្កដា តែមួយថ្ងៃប៉ុណ្ណោះ មនុស្ស ២៣៨នាក់ ត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ទូទាំងប្រទេស បន្ទាប់ពីទទួលរងនូវស្ថានភាពជំងឺទាក់ទងនឹងកម្ដៅ។
យោងតាមទីភ្នាក់ងារអាកាសធាតុជាតិបានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា សីតុណ្ហភាពឡើងដល់ ៣៧,៨អង្សាសេ ដែលជាថ្ងៃក្តៅបំផុតមូយនៅដើមខែកក្កដា — ពោលគឺចន្លោះថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី១០ ខែកក្កដា — នៅក្នុងរដ្ឋធានីកូរ៉េខាងត្បូង ចាប់តាំងពីកំណត់ត្រាដ៏ទូលំទូលាយបានចាប់ផ្តើមកាលពី ១១៧ឆ្នាំមុនមក៕

